SEA GAMES

សមាគមបាល់ទាត់ថៃបានចេញសារ សម្តែងការខកចិត្ត និងសូមអភ័យទោស ចំពោះភាពចលាចលកាលពីម្សិលមិញនេះ

BY
Khmerpress
May 17, 2023
សមាគមបាល់ទាត់ថៃបានចេញសារ សម្តែងការខកចិត្ត និងសូមអភ័យទោស ចំពោះភាពចលាចលកាលពីម្សិលមិញនេះ

សមាគមបាល់ទាត់ថៃ (Football Association of Thailand) បានបង្ហោះសារបង្ហាញពីភាពសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានកើតឡើងក្នុងការប្រកួតកីឡាបាល់ទាត់រវាងជម្រើសជាតិថៃ និងឥណ្ឌូនេស៊ី អាយុក្រោម២២ឆ្នាំ នៅឯព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពី​ថ្ងៃអង្គារ ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣។ សមាគមបាល់ទាត់ថៃ សម្រេចនឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេតលើករណីដែលបានកើតឡើងនេះ។

សមាគមបាល់ទាត់ថៃបានសរសេរថា ពួកគេសូមសម្តែងការខកចិត្ត និងសូមអភ័យទោស ចំពោះភាពចលាចលដែលកើតឡើងនៅក្រៅទីលាន កំឡុងការប្រកួតរវាងជម្រើសជាតិថៃ និងឥណ្ឌូនេស៊ី ជាពិសេសក្រុមគ្រូបង្វឹកដែលគួរឱ្យគំរូល្អ ប៉ុន្តែបែរជាបង្ហាញនូវអាកប្បកិរិយា​ដ៏អាក្រក់បែបនេះ។ សមាគមបាល់ទាត់ថៃនឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីបើកការស៊ើបអង្គេតលើអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកការពិត ក្រោយពីពួកគេត្រឡប់មកដល់ប្រទេសថៃវិញ។

សមាគមបាល់ទាត់ថៃ ក៏សូមអភ័យទោសទៅកាន់អ្នកគាំទ្រថៃ ប្រជាជនថៃ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងព្រឹត្តិការណ៍នេះ ហើយពួកគេ នឹងផ្ញើលិខិតសុំទោសជាផ្លូវការទៅកាន់ភាគីពាក់ព័ន្ធផ្សេងទៀត ដែល​រងផលប៉ះពាល់ក្នុងព្រឹត្តិការណ៍នេះ។ សមាគមបាល់ទាត់ថៃ នឹងទទួលយកនូវរាល់ការផ្តល់យោបល់ ដើម្បីកែលម្អការអនុវត្ត និងការពារមិនឱ្យឧបទ្ទវហេតុបែបនេះកើតឡើងម្តងទៀត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: