SEA GAMES

សហព័ន្ធបាល់ទាត់ថៃ សំដែងការខកចិត្ត និងសុំទោសចំពោះទង្វើអចេតនារបស់កីឡាបាល់ទាត់ U22

BY
Khmerpress
May 17, 2023
សហព័ន្ធបាល់ទាត់ថៃ សំដែងការខកចិត្ត និងសុំទោសចំពោះទង្វើអចេតនារបស់កីឡាបាល់ទាត់ U22

(បាងកក)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់នៃប្រទេសថៃ FA បានសំដែងនូវការខកចិត្ត និងសុំទោសចំពោះទង្វើដោយអចេតនារបស់កីឡាករជម្រើសជាតិយុវជនក្រោមអាយុ ២២ឆ្នាំរបស់ខ្លួនបញ្ចេញអាកប្បកិរិយាមិនសមរម្យ ក្រោយប្រកួតចាញ់ U22 ឥណ្ឌូនេស៊ី ក្នុងវគ្គដណ្តើមមេដាយមាសយប់មិញនេះនៅ SEA Games 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍សង្ខេបរបស់សហព័ន្ធបាល់ទាត់ថៃបានបញ្ជាក់ថា «FA ថៃពិតជាមានការខកចិត្តជាខ្លាំង និងសុំទោសចំពោះទង្វើដែលមិនសមហេតុផលដែលបានកើតឡើងនៅអំឡុងការប្រកួតនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងវិញ្ញាសាបាល់ទាត់បុរសរវាងថៃ និងឥណ្ឌូនេស៊ីដែលមានអ្នកគាំទ្រនៅក្នុងកីឡដ្ឋានច្រើនកុះករ និងជុំវិញពិភពលោក ដែលបានឲ្យខូចកិត្តិយសធ្ងន់ធ្ងរដល់មុខមាត់ព្រឹត្តិការណ៍កីឡាតំបន់អាស៊ីអាគ្នេយ៍ និងមុខមាត់បាល់ទាត់ថៃផងដែរ»។

FA ក៏បានសន្យាទៀតថា បន្ទាប់ពីមានទង្វើដែលមិនអាចទទួលយកបាននេះ សហព័ន្ធបាល់ទាត់ថៃ រួមទាំងក្រុមគ្រូបង្វឹក នឹងធ្វើការអប់រំ និងដាក់ទោសទណ្ឌចំពោះកូនក្រុមរបស់ខ្លួន ជៀសវាងមានករណីនេះលើកក្រោយក្នុងកីឡា ២ឆ្នាំម្តងនេះទៀត គ្រាដែលពួកគេនឹងរៀបចំ SEA Games នៅឆ្នាំ២០២៥ វិញម្តង។

ជាចុងក្រោយ FA ថៃ សូមប្តេជ្ញា និងទទួលយកគ្រប់ការរិះគន់ក្នុងការកែតម្រូវ ដើម្បីឲ្យការប្រកួតបាល់ទាត់លើកក្រោយទៀត ប្រកបដោយទស្សនីយភាពសប្បាយរីករាយ និងទទួលបានយកបានក្នុងមិត្តភាពយូរអង្វែងនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ៕​ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: