លោក បៃដិន ប្រកាសកញ្ចប់ជំនួយយោធាថ្មីទំហំ៣៧៥លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងជំនួបជាមួយលោក ហ្សេលេនស្គី
- BY
- Naren
- May 22, 2023
(ហ៉ីរ៉ូស៉ីម៉ា)៖ នាថ្ងៃអាទិត្យនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសអំពីកញ្ចប់ជំនួយយោធាថ្មីទៀតសម្រាប់អ៊ុយក្រែន ដែលមានទំហំ៣៧៥លានដុល្លារ ក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្រៅកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣។
លោកប្រធានាធីបតីអាមេរិក បាននិយាយថា កញ្ចប់ជំនួយយោធាខាងលើ រួមមានទាំងគ្រាប់រំសេវ កាំភ្លើងធំ រថពាសដែក និងការបណ្តុះបណ្តាល។ លោក ដៃបិន បានប្រាប់លោក ហ្សេលេនស្គី ថា សហរដ្ឋអាមេរិកកំពុងតែខំប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីជួយពង្រឹងការការពាររបស់អ៊ុយក្រែន នៅក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។ បើតាមសេតវិមាន ក្នុងជំនួបនោះ លោក បៃដិន ក៏បានជជែកផងដែរអំពីការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចប្រឹងប្រែងរួមជាមួយ បណ្តាប្រទេសជាសម្ព័ន្ធមិត្តនិងដៃគូ ដើម្បីផ្តល់ការហ្វឹកហាត់ដល់ក្រុមពីឡុតអ៊ុយក្រែន ស្តីពីការប្រើប្រាស់យន្តហោះចម្បាំងជំនាន់ទី៤ ដូចជា F-16 ជាដើម។
គួរបញ្ជាក់ថា យោងតាមការិយាល័យរបស់លោក ហ្សេលេនស្គី លោកប្រធានាធិបតីអ៊ុយក្រែន បានសម្តែងការអរគុណចំពោះទីក្រុងវ៉ាស៉ីនតោន សម្រាប់កញ្ចប់ជំនួយយោធាថ្មីខាងលើ ក៏ដូចជាសម្រាប់ការផ្តល់ជំនួយផ្នែកសន្តិសុខ សរុបជាង៣៧ពាន់លានដុល្លារ មកកាន់ប្រទេសរបស់លោក គិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី៕ ផ្តល់សិទ្ធិដោយ៖ Fresh News
- Share This Post: