ព័ត៌មានអន្តរជាតិ

សមាជិកអង្គការ WHO អនុម័តកញ្ចប់ថវិកាជិត៧ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៤-២០២៥

BY
Khmerpress
May 23, 2023
សមាជិកអង្គការ WHO អនុម័តកញ្ចប់ថវិកាជិត៧ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៤-២០២៥

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទសប្តាហ៍នេះ ទទួលបានការអនុម័តជាមូលដ្ឋាន សម្រាប់កញ្ចប់ថវិកាចំនួន ៦.៨៣ពាន់លានដុល្លារ សម្រាប់រយៈពេល២ឆ្នាំខាងមុខ ក្នុងនោះរួមមានទាំងការដំឡើង២០ភាគរយ ទៅលើការបង់ថ្លៃសមាជិកភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣។

ក្រុមប្រទេសជាសមាជិក WHO នៅក្នុងគណៈកម្មាធិការសំខាន់មួយ បានអនុម័តកញ្ចប់ថវិកាខាងលើ ដោយពុំមានសំឡេងជំទាស់ឡើយ កំលុងមហាសន្និបាតប្រចាំឆ្នាំ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវនៃប្រទេសស្វីស។ ប្រមុខអង្គការ WHO លោក ថេដ្រូស អាដាណូម ហ្គេប្រេយេស៊ូស (Tedros Adhanom Ghebreyesus) បានសាទរការអនុម័តនេះថា ជាភាពជោគជ័យធំមួយ។ កញ្ចប់ថវិកាខាងលើ នៅត្រូវការការអនុម័តពីសមាជិកទាំងអស់របស់ WHO នៅចុងបញ្ចប់នៃព្រឹត្តិការណ៍ ដែលមានរយៈពេល១០ថ្ងៃនេះ ប៉ុន្តែវាគ្រាន់ជាការបង្រ្គប់កិច្ចប៉ុណ្ណោះ។

ការសម្រេចដូចខាងលើកើតឡើង បន្ទាប់ពីមហាសន្និបាត WHO បានព្រមព្រៀងកាលពីឆ្នាំមុន ជុំវិញការធ្វើកំណែទម្រង់ចំពោះការផ្តល់​មូលនិធិ សម្រាប់ស្ថាប័នសុខាភិបាលអន្តរជាតិមួយនេះ។ ដោយទទួលមេរៀនពីវិបត្តិជំងឺកូវីដ១៩ បណ្តាប្រទេសនានាបានឯកភាពគ្នា ជុំវិញ​តម្រូវការក្នុងការផ្តល់មូលធិនិដល់ WHO ក្នុងលក្ខណៈដែលមានស្ថិរភាពនិងការជឿទុកចិត្តជាងមុន។

គួរបញ្ជាក់ថា WHO ទទួលបានការផ្តល់ហិរញ្ញប្បទានតាមលក្ខណៈពីរបែប គឺតាមរយៈការបរិច្ចាគដោយ​ស្ម័គ្រចិត្ត និងតាមរយៈការបង់ថ្លៃសមាជិកភាពពីបណ្តាប្រទេសជាសមាជិក ដែលវាត្រូវបានគណនាដោយអាស្រ័យលើ ស្ថានភាពសេដ្ឋកិច្ចនិងចំនួនប្រជាជននៃប្រទេសនីមួយៗ ខណៈការរ៉ាប់រងមូលនិធិរបស់ WHO ដែលបាន​មកតាមរបៀបនេះ បានថយចុះមកនៅត្រឹមក្រោម១ភាគ៥ប៉ុណ្ណោះ។ ប្រការនេះបានរឹតត្បិតសមត្ថភាព WHO ក្នុងការឆ្លើយតបចំពោះវិបត្តិផ្សេងៗដូចជា ការរាតត្បាតជាសកលនៃជំងឺកូវីដ១៩, សង្រ្គាមនៅអ៊ុយក្រែន ហើយនិងភាពអាសន្នផ្នែកសុខាភិបាលដទៃៗទៀត។

ដូច្នេះហើយ កាលពីឆ្នាំ២០២២ មហាសន្និបាត WHO ក៏បានយល់ព្រមបង្កើនជាដំណាក់កាល ដើម្បីឱ្យការផ្តល់ហិរញ្ញប្បទានតាមរយៈការបង់ថ្លៃ​សមាជិកភាព ទទួលការរ៉ាប់រងកើនដល់៥០ភាគរយ យ៉ាងយូរត្រឹមកញ្ចប់ថវិកាឆ្នាំ២០៣០-២០៣១។ កញ្ចប់ថវិកាឆ្នាំ២០២៤-២០២៥ គឺជាការបង្កើនដំណាក់កាលដំបូងនៃគោលដៅនោះ ដោយក្រុមប្រទេសជាសមាជិក WHO បានព្រមព្រៀងបង្កើនការបង់ថ្លៃ​សមាជិកភាពរបស់ពួកគេ ក្នុងកម្រិត២០ភាគរយ ធៀបនឹងកញ្ចប់ថវិកាឆ្នាំ២០២២-២០២៣៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: