SEA GAMES

រួមគ្នាបន្ដគាំទ្រកីឡាជនពិការភាព! កម្ពុជានឹងរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម ឲ្យលើសពីការរំពឹងទុក ដូចស៊ីហ្គេមដែរ

BY
Khmerpress
May 25, 2023
រួមគ្នាបន្ដគាំទ្រកីឡាជនពិការភាព! កម្ពុជានឹងរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម ឲ្យលើសពីការរំពឹងទុក ដូចស៊ីហ្គេមដែរ

(ភ្នំពេញ)៖ នៅសល់ ៩ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា នឹងមកដល់ ពោលគឺនឹងបើកការប្រកួតផ្លូវការ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយកម្ពុជានឹងរៀបចំព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់ដ៏ធំនេះ ឲ្យទទួលលទ្ធផលលើសពីការរំពឹងទុក ដូចព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា កាលពីថ្មីៗកន្លងទៅដែរ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMAPGOC) ក្រោយបញ្ចប់បេសកកម្មទី១ (រៀបចំស៊ីហ្គេម លើកទី៣២) ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ដ្រ គឺឈានដល់បេសកកម្មទី២ នៃការរៀបចំកីឡាជនពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលជាព្រឹត្តិការណ៍មួយ គេតែងរៀបចំឡើង ដើម្បីលើកកិត្តិយស សមត្ថភាព និងគោរពសិទ្ធរបស់ជនមានពិការភាព ។

លោកថា «កីឡាអាស៊ានប៉ារ៉ាហ្គេម ដែលយើងត្រៀមរៀបចំនេះ ក៏យើងបានប្រមូលធនធានទាំងអស់ពីស៊ីហ្គេមដែរ ។ អ៊ីចឹងអ្វីដែលយើងមានក្នុងស៊ីហ្គេម យើងប្រមែប្រមូល និងរក្សាកម្លាំងនៅដដែល គ្រាន់តែផ្លាស់ប្ដូររូបភាព និងភាពពិសេសរបស់កីឡាករ-កីឡាការិនីមានពិការភាព ដែលត្រូវការការយកចិត្តទុកដាក់ជាពិសេស ។ យើងត្រូវតែរុញទិដ្ឋភាពយុទ្ធសាស្ដ្រស្រដៀងគ្នា នៅក្នុងស៊ីហ្គេម ក៏ដូចជាអាស៊ានប៉ារ៉ាហ្គេមនេះដែរ៖

ទី១-យើងត្រូវតែធ្វើឲ្យកម្រិតនៃការរៀបចំពិធីបើក-បិទ ឲ្យបានល្អ សមរម្យ ដើម្បីលើកកិត្តិយសជនមានពិការភាពដូចគ្នា ។ យើងត្រូវខិតខំប្រឹងប្រែងក្នុងរយៈពេលដ៏ខ្លីនេះ យើងត្រូវបម្លែងពីស៊ីហ្គេម ឲ្យទៅជាអាស៊ានប៉ារ៉ាហ្គេម ។
ទី២-យើងខិតខំយកចិត្តទុកដាក់ ដោយទទួលបានការណែនាំពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMAPGOC គឺត្រូវរៀបចំឲ្យបានល្អ អំពីពិធីបើក-បិទរបស់យើង ។ យើងមើលពីអ្វីដែលយើងធ្វើឲ្យលើសពីអ្វីដែលយើងរំពឹងទុកដូចគ្នា។ យើងបានចេញនូវគំរូជាកម្មវិធី និងជជែកគ្នាពីកម្រិតបច្ចេក ២-៣ជំហានរួចហើយ គឺយើងនៅតែប្រតិបត្តិការរឿងនេះឲ្យបានល្អ ។ យើងនឹងរៀបចំឲ្យមានលក្ខណៈពិសេស ផ្នែកជនមានពិការភាព» ។

ដោយឡែកពាក់ព័ន្ធការប្រកួតវិញ ក៏បានរៀបចំរួចរាល់ផងដែរ ដោយមានកីឡា ១៣ប្រភេទ ត្រូវបានដាក់ឲ្យធ្វើការប្រកួតប្រជែងក្នុងកីឡាអាស៊ានប៉ារ៉ាហ្គេមនេះ ហើយមានជនពិការភាពគ្រប់សមាសភាពចូលរួមលេង តាំងពីពិការផ្នែកចក្ខុ ពិការផ្នែកកាយសម្បទា និងពិការផ្នែកបញ្ញាតិចតួចជាដើម ដែលត្រូវរៀបចំឲ្យមានយុត្តិធម៌(Fair-Play) បំផុត ក្នុងការប្រកួតកីឡាជនមានពិការភាពនេះ ។ លោក វ៉ាត់ ចំរើន បន្ថែម ។

ចំពោះការរៀបចំសម្រួលដល់សេវាផ្សេងៗរបស់ជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងកាន់តែពិសេស តាំងពីកន្លែងស្នាក់នៅ-ហូបចុក និងរថយន្ដធ្វើដំណើរជាដើម ត្រូវមានជម្រាលចុះឡើង ស្របតាមបទបញ្ញាត្តិ និងស្ដង់ដារកីឡាជនមានពិការភាព ។ មិនតែប៉ុណ្ណោះ ក្រោមកិច្ចសហការជាមួយបណ្ដាប្រទេសសមាជិក ក៏មានជំនាញការមកជ្រោមជ្រែងច្រើនផងដែរ ។ ជាក់ស្ដែងក្រោមការដឹកនាំរបស់លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរង CAMAPGOC ក៏បានប្រមែប្រមូលធនធានមកជួយដល់ដំណើរការរៀបចំនេះ ដើម្បីឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ដ្រផងដែរ ។

ជាចុងក្រោយលោក វ៉ាត់ ចំរើន បានធ្វើការអំពាវនាវយ៉ាងដូច្នេះថា «សូមអំពាវនាវឲ្យមានការគាំទ្រការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ដូចស៊ីហ្គេមអញ្ចឹងដែរ ។ សូមមកទស្សនា យើងមានតែការប្រកួត ក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ ដូចជានៅពហុកីឡដ្ឋានជាតិមរតកតេជោ, ស្ដាតអូឡាំពិក, មជ្ឈមណ្ឌលកីឡាជនពិការជាតិតេជោសែន, ស.ស.យ.ក រាជធានីភ្នំពេញ(អគាខេមរានី) និងសាលវិទ្យាល័យភូមិន្ទភ្នំពេញជាដើម ។ សូមមានការគាំទ្រដូចគ្នា កុំឲ្យបង្ហាញពីការរើសអើង តែត្រូវបង្ហាញពីការចូលរួមគាំទ្រ និងជំរុញលើកទឹកចិត្ត ដើម្បីឲ្យបានលើសពីការរំពឹងរបស់យើងតទៅទៀត» ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះ នឹងចាប់ផ្ដើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានកីឡា ១៣ប្រភេទ ត្រូវបានដាក់ឲ្យធ្វើការប្រកួតលើវិញ្ញាសាជាង ៤០០ រួមមានកីឡាកីឡាអត្តពលកម្ម, ហែលទឹក, វាយសី, ប៊ូស្យា, អុក, បាល់ទាត់បុរស(៥ម្ខាង និង ៧ម្ខាង) បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, វាយកូនឃ្លីលើតុ, បាល់ទះអង្គុយ, បាល់បោះជិះរទេះ និងកីឡាអេឡិចត្រូនិក(E-Sports) ។ កាលពីកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ កម្ពុជា ដណ្ដើមបានមេដាយសរុប ២៨គ្រឿង រួមមានមេដាយមាស ៧ ប្រាក់១០ និងសំរឹទ្ធ ១១គ្រឿង ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: