SEA GAMES

កាសែតអាមេរិក New York Times ចុះផ្សាយថា កីឡាការិនី​កម្ពុជា ប៊ូ សំណាង ដែលតស៊ូរត់ក្រោមដំណក់ទឹកភ្លៀងក្នុងការរត់ចម្ងាយ ៥,០០០ម៉ែត្រ នៅឯព្រឹត្តិការណ៍ស៊ីហ្គេម បានឆក់យកបេះដូងប្រជាជន

BY
Khmerpress
May 26, 2023
កាសែតអាមេរិក New York Times ចុះផ្សាយថា កីឡាការិនី​កម្ពុជា ប៊ូ សំណាង ដែលតស៊ូរត់ក្រោមដំណក់ទឹកភ្លៀងក្នុងការរត់ចម្ងាយ ៥,០០០ម៉ែត្រ នៅឯព្រឹត្តិការណ៍ស៊ីហ្គេម បានឆក់យកបេះដូងប្រជាជន

(ភ្នំពេញ)៖ វីដេអូកីឡាការិនី​កម្ពុជា ប៊ូ សំណាង ដែលតស៊ូរត់ក្រោមដំណក់ទឹកភ្លៀង ក្នុងការរត់ចម្ងាយ ៥,០០០ម៉ែត្រ នៅឯព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ បានក្លាយជាចំណាប់អារម្មណ៍របស់សារព័ត៌មានធំៗនៅលើពិភពលោក។ ជាក់ស្តែង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ កាសែតអាមេរិក New York Times ក៏បានបន្តផ្សព្វផ្សាយអំពី បូ​ សំណាង ផងដែរ ដោយលើកឡើងថា កីឡាករិនីកម្ពុជារូបនេះបានឆក់យកបេះដូង ប្រជាជនកម្ពុជា។

New York Times បានផ្សាយថា ប៊ូ សំណាង ត្រូវបានគេរាយការណ៍ថា មានជំងឺខ្វះឈាម អំឡុងពេលកំពុងប្រកួត តែនាងមិនបានបោះចោលគោលដៅរបស់ខ្លួន។ នាងបានគូសបញ្ជាក់ប្រាប់ New York Times ដូច្នេះថា «ខ្ញុំដឹងថា ខ្ញុំនឹងមិនទទួលបានជ័យជម្នះឡើយ តែខ្ញុំបានប្រាប់ខ្លួនឯងថាខ្ញុំមិនត្រូវឈប់ទេ»

បូ សំណាង បានបញ្ចប់ ការរត់របស់ខ្លួនក្នុងរយៈពេល ២២នាទី និង៥៤វិនាទី ពោលគឺរត់ពីក្រោយអ្នកជាប់លេខ១ ដែលជាកីឡាការិនីវៀតណាមដល់ទៅជិត ៦នាទីឯណោះ។

New York Times ដោយឃើញភាពតស៊ូនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបង្ហាញការកោតសរសើរយ៉ាងខ្លាំង និងបានផ្ដល់រង្វាន់លើទឹកចិត្ត ១០,០០០ដុល្លារ ដល់បូសំណាង។

ក្រៅពីទទួលបានការឧបត្ថម្ភលើកទឹកចិត្តពីសម្តេចតេជោ, ប៊ូ សំណាង ក៏ត្រូវបានថ្នាក់ដឹកនាំ និងសប្បុរសជនខ្មែរជាច្រើនទៀត ឧបត្ថម្ភជាបន្តបន្ទាប់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: