SEA GAMES

សម្តេចពិជ័យសេនា ទៀ បាញ់៖ ទោះអាស៊ានប៉ារ៉ាហ្គេមមិនមានអត្តពលិកច្រើនដូចស៊ីហ្គេម ប៉ុន្តែនៅតែមានភាពអស្ចារ្យដូចគ្នា

BY
Khmerpress
May 26, 2023
សម្តេចពិជ័យសេនា ទៀ បាញ់៖ ទោះអាស៊ានប៉ារ៉ាហ្គេមមិនមានអត្តពលិកច្រើនដូចស៊ីហ្គេម ប៉ុន្តែនៅតែមានភាពអស្ចារ្យដូចគ្នា

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC មានប្រសាសន៍ថា «ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ គឺមាន១១ប្រទេសចូលរួមប្រកួតដូចស៊ីហ្គេមដែរ ប៉ុន្តែចំនួនប្រតិភូ អត្តពលិកពិការមានចំនួនតិចជាង ហើយអាស៊ានប៉ារ៉ាហ្គេម នៅតែមានភាពអស្ចារ្យ។

នៅក្រោយកិច្ចប្រជុំ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅសាលនៃពហុកីឡដ្ឋានជាតិមរតកតេជោ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា គឺនឹងមានប្រតិភូ កីឡាករ កីឡាការិនីពិការសរុបមានប្រមាណ ២ ៦០០ នាក់ប៉ុណ្ណោះ ក្នុងនោះអត្តពលិកសរុបប្រមាណ ១ ៤០០ នាក់ (ស៊ីហ្គេម លើកទី៣២ ជាង ១៥ ០០០ នាក់)។ សម្ដេចពិជ័យសេនាបានបញ្ជាក់ថា ទោះជាចំនួននេះមិនច្រើនដូចស៊ីហ្គេមក៏ពិតមែន ប៉ុន្តែភាពអស្ចារ្យនៃព្រឹត្តិការណ៍នេះ នៅតែមានភាពអស្ចារ្យ ដោយសារអត្តពលិកពិការប្រឹងប្រែងហ្វឹកហាត់ និងការប្រកួតកីឡាពិការក៏អស្ចារ្យដូចគ្នា។ ម្យ៉ាងទៀត ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាត្រៀមរៀបចំនេះ កំពុងរៀបចំឱ្យបានសមរម្យលើពិធីបើក-បិទដែរ ពោលគឺមានលក្ខណៈពេញលេញដូចស៊ីហ្គេម លើកទី៣២ ដែរ ឬអាចថាបន្ថយតែបន្តិចបន្តួចប៉ុណ្ណោះ។

សម្តេចពិជ័យសេនា ទៀ បាញ់ គូសបញ្ជាក់ទៀតថា នេះជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដែលត្រៀមរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយកែសម្រួលបន្តិចបន្តួចប៉ុណ្ណោះពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលទើបបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ «ឆ្លងកាត់តាមបទពិសោធន៍របស់យើង គឺនឹងរៀបចំឲ្យមានភាពអស្ចារ្យ ទាំងពិធីបើក និងពិធីបិទននៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ យើងទាំងអស់គ្នាដឹងហើយថា កីឡាករ កីឡាការិនីដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ គឺសុទ្ធសឹងជាអ្នកមានពិការភាព ហើយការប្រកួតលើវិញ្ញាសាក៏ខុសគ្នាពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣កន្លងមកដែរ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេចពិជ័យសេនា ទៀ បាញ់។

សម្តេចពិជ័យសេនាបានប្រសាសនបន្ថែមយ៉ាងដូច្នេះថា៖ «ទោះបីជាយ៉ាងណាក៏ដោយ ក៏ការទទួលរៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូងនៃអាស៊ានប៉ារ៉ាហ្គេមនឹងត្រូវទៅតាមតម្រូវការមិនឱ្យខុសទម្រង់នៃបទពិសោធន៍អាស៊ានប៉ារ៉ាហ្គេម កន្លងមកនោះទេ។ កិច្ចការនេះគឺមានការសហការគ្នាយ៉ាងស្អិតរមួតជាមួយគណៈកម្មាធិការជំនាញបច្ចេកទេស ដើម្បីត្រៀមខ្លួនឱ្យបានរួចហើយៗនឹងចាប់ផ្តើមជាផ្លូវការពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣»។

ជាមួយគ្នានេះ សម្ដេចពិជ័យសេនាបានលើកឡើងថា អ្វីដែលវាថយចំនួនទីលានប្រកួតពីស៊ីហ្គេម គឺអាស៊ានប៉ារ៉ាហ្គេមនេះមិនមានការរៀបចំនៅតាមខេត្តដូចស៊ីហ្គេមនោះទេ ដោយរៀបចំតែនៅរាជធានីភ្នំពេញប៉ុណ្ណោះ ដែលប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡាដ្ឋានជាតិអូឡាំពិក និងទីលានមួយចំនួន ដែលត្រូវបានរៀបចំរួចរាល់ហើយ។

បន្ថែមពីលើនេះ ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្ររៀបចំដំបូងរបស់កម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញនូវឆន្ទៈពីការខិតខំបំពេញភារកិច្ចឱ្យបានល្អ ហើយឱ្យគេបានមើលឃើញពីភាពអស្ចារ្យ។ សម្ដេចពិជ័យសេនាបានអះអាងថា៖ «សំខាន់បំផុត គឺឲ្យគេមើលពិតប្រាកដថា បន្ទាប់ពីកម្ពុជាបានងើបចេញពីសង្រ្គាម ហើយកំពុងមានសុខសន្តិភាពពេញពេញ ដែលយើងដាក់ក្នុងពាក្យស្លោករបស់យើង គឺកីឡារស់ក្នុងសន្តិភាព។ ដូច្នេះ យើងធ្វើឱ្យពិភពលោកមើលឃើញថា ព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពហើយ ទើបមានលទ្ធភាពចាត់ចែងធ្វើជាម្ចាស់ផ្ទះ ទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមបាន។ ច្បាស់ណាស់ យើងមិនបាច់ប្រាប់គេ ក៏គេមានការចាប់អារម្មណ៍ឃើញពីភាពអស្ចារ្យរបស់កម្ពុជា នៅជុំវិញទូទាំងពិភពលោក»។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជម្រាប់ថា សម្រាប់ការទទួលហូបចុក ស្នាក់នៅ ការដឹកជញ្ជូន ការផ្សព្វផ្សាយ ការចូលទស្សនាពិធីបើក-បិទ និងការប្រកួតអាស៊ានប៉ារ៉ាហ្គេម នៅតែរក្សា ឥតគិតថ្លៃ ដូចស៊ីហ្គេម លើកទី៣២ កន្លងមកដូចគ្នាផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: