នាយករដ្ឋមន្រ្តីជប៉ុន ថាកូនប្រុសលោកនឹងលាលែងពីតួនាទីជាលេខា ក្រោយប្រព្រឹត្តសកម្មភាពមិនសមរម្យ
- BY
- Naren
- May 30, 2023
(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) បានប្រកាសនៅថ្ងៃចន្ទនេះថា កូនប្រុសលោកនឹងលាលែងពីតួនាទីជាលេខារបស់លោក ដោយសារបានប្រព្រឹត្តសកម្មភាពមិនសមរម្យ បន្ទាប់ពីរូបភាពដែលកូនប្រុសរបស់លោកនិងសាច់ញាតិដទៃទៀត ដែលត្រូវបានថតហាក់ក្នុងចេតនាលេងសើចប៉ុណ្ណោះនោះ បានបង្កឱ្យមានការរិះគន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣។
លោក ហ្វូមីអុ គីស៉ីដា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កូនប្រុសរបស់ខ្លួនគឺលោក សូតារ៉ូ គីស៉ីដា នឹងលាលែងពីតួនាទីជាលេខារបស់លោក ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះទៅ ខណៈការលាលែងនេះ គឺដោយសារតែរូបគេបានប្រកាន់អាកប្បកិរិយាមិនសមរម្យ នៅក្នុងការិយាល័យនាយករដ្ឋមន្រ្តី នាពេលកន្លងមក។
កាលពីសប្តាហ៍មុន ទស្សនាវដ្តីមួយបានចុះផ្សាយរូបភាពមួយចំនួន ដែលបានបង្ហាញពីសកម្មភាពកូនប្រុសលោក គីស៉ីដា រួមជាមួយសាច់ញាតិ ហាក់នាំគ្នាធ្វើពត់ជារៀបចំសន្និសីទសារព័ត៌មានមួយ នៅការិយាល័យនាយករដ្ឋមន្រ្តីជប៉ុន ក្នុងនោះរួមមានទាំងនៅវេទិកា ដែលជាទូទៅ គឺជាកន្លែងដែលនាយករដ្ឋមន្រ្តីត្រូវឈរនិយាយថែមទៀតផង។
គួរបញ្ជាក់ថា សកម្មភាពខាងលើរបស់ពួកគេ បានទទួលរងការរិះគន់ជាខ្លាំងពីក្រុមប្រឆាំង ហើយការចុះផ្សាយរូបភាពទាំងនោះ គឺកើតឡើងចំពេលមិនល្អឡើយសម្រាប់លោក គីស៉ីដា ដ្បិតលោកនាយករដ្ឋមន្រ្តីជប៉ុនទើបតែបានការកើនឡើងប្រជាប្រិយភាព ក្រោយការរៀបចំកិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេស G7 នៅឯទីក្រុងហ៉ីរ៉ូស៉ីម៉ា កាលពីថ្មីៗនេះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News
- Share This Post: