ព័ត៌មានអន្តរជាតិ

សភាឥណ្ឌូណេស៉ី អនុម័តកញ្ចប់ថវិកាបន្ថែម១ពាន់លានដុល្លាទៀត សម្រាប់គម្រោងសាងសង់រដ្ឋធានីថ្មី

BY
Khmerpress
June 10, 2023
សភាឥណ្ឌូណេស៉ី អនុម័តកញ្ចប់ថវិកាបន្ថែម១ពាន់លានដុល្លាទៀត សម្រាប់គម្រោងសាងសង់រដ្ឋធានីថ្មី

(ហ្សាការតា)៖ សមាជិកសភាជាន់ខ្ពស់ឥណ្ឌូណេស៉ីម្នាក់ បានឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍នេះថា គណៈកម្មាធិការកញ្ចប់ថវិកានៃសភាឥណ្ឌូណេស៉ី បានអនុម័តថវិកាបន្ថែមចំនួន១៥ទ្រីលានរូពីទៀត ឬស្មើនឹង១.០១ពាន់លានដុល្លារអាមេរិក ដើម្បីពន្លឿនដំណើរការសាងសង់រដ្ឋធានីថ្មី នូសាន់តារ៉ា (Nusantara)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣។

លោក សាអ៉ីដ អាប់ឌុលឡោះ (Said Abdullah) ប្រធានគណៈកម្មាធិការសភាខាងលើ បាននិយាយថា ថវិកា១៥ទ្រីលាននោះនឹងត្រូវប្រើប្រាស់ ​សម្រាប់ការងារសាងសង់ក្នុងឆ្នាំ២០២៣នេះ បន្ថែមពីលើថវិកា២២ទ្រីលានរូពី (១.៥លានដុល្លារអាមេរិក) ដែលត្រូវបានអនុម័តនាពេលកន្លងមក សម្រាប់​ការអភិវឌ្ឍរដ្ឋធានី នូសាន់តារ៉ា ដែលមានទីតាំងស្ថិតនៅលើកោះបូណេអូ (Borneo)។ ទីក្រុងហ្សាការតា ដែលជារដ្ឋធានីបច្ចុប្បន្នរបស់ប្រទេសឥណ្ឌូណេស៉ី ស្ថិតនៅលើកោះជ្វា។

គួរបញ្ជាក់ថា ឥណ្ឌូណេស៉ី កំពុងព្យាយាមជំរុញឱ្យការសាងសង់អាចចប់ជាស្ថាពរ នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៤ សម្រាប់អគារថ្មីៗរបស់រដ្ឋាភិបាល ដែលរួមមានទាំងវិមានប្រធានាធិបតី និងអគារក្រសួងសំខាន់ៗ ស្របពេលដែលអ្នកបម្រើការងាររដ្ឋ ទាហាន និងប៉ូលិសសរុបយ៉ាងតិច១៦,០០០នាក់ នឹងត្រូវ​ផ្លាស់ទៅកាន់រដ្ឋធានីថ្មី នៅឆ្នាំក្រោយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: