ព័ត៌មានអន្តរជាតិ

ស្ពានអាកាសលើផ្លូវ highway ដ៏សំខាន់មួយក្នុងសហរដ្ឋអាមេរិក បាក់រលំ ក្រោយរថយន្ដដឹកប្រេងផ្ទុះឆេះ

BY
Khmerpress
June 12, 2023
ស្ពានអាកាសលើផ្លូវ highway ដ៏សំខាន់មួយក្នុងសហរដ្ឋអាមេរិក បាក់រលំ ក្រោយរថយន្ដដឹកប្រេងផ្ទុះឆេះ

(វ៉ាស៉ីនតោន)៖ អភិបាលរដ្ឋផេនស៉ីលវ៉ានៀ (Pennsylvania) បាននិយាយថា ស្ពានអាកាសមួយនៅលើផ្លូវ highways ដ៏មមាញឹកបំផុតរបស់សហរដ្ឋអាមេរិក បានបាក់រលំ កាលពីព្រឹកថ្ងៃអាទិត្យចុងសប្តាហ៍ (ម៉ោងក្នុងតំបន់) បន្ទាប់ពីរថយន្តដឹកប្រេងដែលបើកបរកាត់តាមក្រោមស្ពាន បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។

ផ្លូវ highways Interstate 95 តភ្ជាប់ទៅកាន់ទីក្រុងធំៗនានានៅតាមបណ្តោយឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក ចេញពីរដ្ឋមេន (Maine) ទៅដល់ ភាគខាងត្បូងនៃរដ្ឋផ្ល័រីដា (Florida)។ ក្នុងសន្និសីទសារព័ត៌មានមួយ អភិបាលរដ្ឋផេនស៉ីលវ៉ានៀ លោក ចូស សាពីរ៉ូ (Josh Shapiro) បានឲ្យដឹងថា វាគួរឲ្យ ភ្ញាក់ផ្អើលដែលគ្មានអ្នកដំណើរណាម្នាក់ នៅលើស្ពានអាកាសបានរងរបួសនោះទេ។ ប៉ុន្តែអាជ្ញាធរកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណបុគ្គល ឬអ្នកដែល អាចត្រូវភ្លើងឆេះនៅខាងក្រោមស្ពាន។ វានឹងចំណាយពេលច្រើនខែដើម្បីស្តារផ្លូវ ដែលជាសរសៃឈាមដ៏សំខាន់មួយនេះឡើងវិញ។

គួរបញ្ជាក់ថា បើតាមក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក ជាមធ្យមក្នុងមួយថ្ងៃមានរថយន្តប្រហែល ១៦០,០០០គ្រឿង ឆ្លងកាត់ផ្នែកនៃផ្លូវ highwaysដែលនៅភាគឦសានរដ្ឋ Philadelphia មួយនេះ។ ការដួលរលំទំនងជានាំឲ្យមានការពន្យារពេលធ្វើចរាចរណ៍ ចំពេលចាប់ផ្តើមវិស្សមកាលរដូវក្តៅ។ មិនទាន់មាន ការបញ្ជាក់ពីមូលដ្ឋានដែលធ្វើឱ្យរថយន្ដដឹកប្រេងខាងលើត្រូវភ្លើងឆាប់ឆេះនៅទេ ខណៈការស៊ើបអង្កេត និងការតាមស្វែងរកតៃកុងរថយន្ដនេះកំពុងធ្វើឡើង៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: