ព័ត៌មានអន្តរជាតិ

ប្រទេសថៃកំពុងប្រឈមនឹងបញ្ហាស៊ុតឡើងថ្លៃខ្លាំង ដែលបង្កើនការព្រួយបារម្ភទាំងពាណិជ្ជករ និងអ្នកប្រើប្រាស់

BY
Khmerpress
June 12, 2023
ប្រទេសថៃកំពុងប្រឈមនឹងបញ្ហាស៊ុតឡើងថ្លៃខ្លាំង ដែលបង្កើនការព្រួយបារម្ភទាំងពាណិជ្ជករ និងអ្នកប្រើប្រាស់

ការកើនឡើងនៃតម្លៃស៊ុតនៅក្នុងប្រទេសថៃ បានធ្វើឱ្យពាណិជ្ជករ និងអ្នកប្រើប្រាស់មានការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលការឡើងថ្លៃមួយចំនួន បានបណ្ដាលមកពីកត្តាដូចជា៖ ការខ្វះខាតការផ្គត់ផ្គង់នៅកសិដ្ឋាន និងការកើនឡើងនៃតម្រូវការនាំចេញ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន បាងកកប៉ុស្ដិ៍។ លោក Wanchai Rungmitcharatsaeng ម្ចាស់ហាងស៊ុតអាយុ ៦៥ឆ្នាំ មកពីស្រុកមឿង ខេត្តខនកែន ដែលបានបើកអាជីវកម្មរយៈពេលជាង ២០ឆ្នាំ បានអះអាងថា បច្ចុប្បន្នតម្លៃស៊ុតបានឡើងថ្លៃខ្ពស់បំផុត ជាងពេលណាទាំងអស់។

ហេតុដូច្នេះហើយ អ្នកលក់ជាច្រើនបានឈប់លក់ស៊ុតប្រភេទគ្រាប់ធំ ដែលគេស្គាល់ថាជាស៊ុត ០ ដោយបារម្ភថា វាប្រហែលជាមិនអាចលក់បានដូចជា ប្រភេទគ្រាប់តូចៗ និងថោកជាងនេះទេ។ ឥឡូវនេះ តម្លៃស៊ុត ០ គឺ ១៤៥ បាត ក្នុងមួយប្រអប់ដែលមានចំនួន ៣០ គ្រាប់ (បោះដុំ) ហើយស៊ុតនីមួយៗមានតម្លៃ ៦បាត ខណៈដែលស៊ុតលេខ ១ តូចជាងប្រភេទ ០ មានតម្លៃលក់ដុំ ១៣៥ បាត ក្នុងមួយប្រអប់ ហើយស៊ុតនីមួយៗមានតម្លៃ ៤.៥ បាត។ លោក Wanchai Rungmitcharatsaeng បានបន្ថែមថា តម្លៃស៊ុតបានកើនឡើងពី ២ ទៅ ៦ បាត ក្នុងមួយប្រអប់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

ទន្ទឹមនឹងនេះដែរ វាមិនមែនតែប្រភេទស៊ុតគ្រាប់ធំៗដែលកំពុងឡើងថ្លៃខ្លាំងនោះទេ សូម្បីតែប្រភេទគ្រាប់តូចៗដូចជាប្រភេទលេខ ៣, ៤, និង ៥ ក៏បានឡើងថ្លៃដូចគ្នា ក្នុងរយៈពេល ២ ទៅ ៣ ខែកន្លងមកនេះ ទាំងដែលស៊ុតមានទំហំតូចៗទាំងនេះ មិនត្រូវបានទាមទារសម្រាប់ការនាំចេញក៏ដោយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: