ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក សម្រេចចិត្តសុំចូលជាសមាជិកអង្គការយូណេស្តូឡើងវិញ ហើយព្រមបង់ប្រាក់សំណងជាង​៦០០លានដុល្លារ ដើម្បីទប់ទល់ឥទ្ធិពលចិន

BY
Naren
June 13, 2023
សហរដ្ឋអាមេរិក សម្រេចចិត្តសុំចូលជាសមាជិកអង្គការយូណេស្តូឡើងវិញ ហើយព្រមបង់ប្រាក់សំណងជាង​៦០០លានដុល្លារ ដើម្បីទប់ទល់ឥទ្ធិពលចិន

(ប៉ារីស)៖ ទីភ្នាក់ងារវប្បធម៌ និងវិទ្យាសាស្ត្ររបស់អង្គការសហប្រជាជាតិហៅកាត់ថា UNESCO បានប្រកាសនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកគ្រោងនឹងចូលរួមជាមួយអង្គការអន្តរជាតិនេះឡើងវិញ និងព្រមបង់ប្រាក់សំណងជាង ៦០០លានដុល្លារ បន្ទាប់ពីមានជម្លោះអស់មួយទសវត្សរ៍ លើសំណុំរឿងបញ្ចូលប៉ាឡេស្ទីនទៅក្នុងសមាជិកភាពរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។

មន្ត្រីអាមេរិកនិយាយថា ការសម្រេចចិត្តវិលត្រឡប់មកវិញនេះ ត្រូវបានជំរុញដោយការព្រួយបារម្ភថា ប្រទេសចិនកំពុងបំពេញចន្លោះប្រហោង ដែលសហរដ្ឋអាមេរិកបន្សល់ទុក ក្នុងការបង្កើតគោលនយោបាយរបស់អង្គការយូណេស្កូ ជាពិសេសក្នុងការកំណត់ស្តង់ដារសម្រាប់បញ្ញាសិប្បនិម្មិត និងការអប់រំបច្ចេកវិទ្យានៅជុំវិញពិភពលោក។

អនុរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកការគ្រប់គ្រង និងធនធាន លោក Richard Verma បានដាក់លិខិតមួយច្បាប់កាលពីសប្តាហ៍មុន ទៅកាន់អគ្គនាយកអង្គការយូណេស្កូ លោក Audrey Azoulay អំពីផែនការវិលត្រឡប់ចូលជាសមាជិកអង្គការនេះវិញ។

ការវិលត្រឡប់របស់សហរដ្ឋអាមេរិក ដែលជាអ្នកផ្តល់មូលនិធិដ៏ធំបំផុតរបស់អង្គការអន្តរជាតិនេះ ត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងការបោះឆ្នោត ដោយរដ្ឋសមាជិកចំនួន ១៩៣របស់ខ្លួននៅខែក្រោយ។

ការសម្រេចចិត្តនេះ គឺជាការជំរុញផ្នែកហិរញ្ញវត្ថុដ៏ធំមួយដល់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ ដែលត្រូវបានគេស្គាល់ថា ជាកម្មវិធីបេតិកភណ្ឌពិភពលោក ក៏ដូចជាគម្រោងដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងបង្រៀនក្មេងស្រីឱ្យចេះអាន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានឈប់ផ្តល់មូលនិធិដល់អង្គការយូណេស្កូ បន្ទាប់ពីអង្គការមួយនេះបានបោះឆ្នោតបញ្ចូលប៉ាឡេស្ទីនជារដ្ឋសមាជិកក្នុងឆ្នាំ ២០១១ ហើយប្រទេសទាំងពីរបានបាត់បង់សិទ្ធិបោះឆ្នោតរបស់ពួកគេ ក្នុងឆ្នាំ២០១៣។ រដ្ឋបាល ត្រាំ បានសម្រេចចិត្តនៅឆ្នាំ ២០១៧ ដើម្បីដកខ្លួនចេញពីអង្គការនេះទាំងស្រុងនៅឆ្នាំបន្ទាប់ ដោយលើកឡើងពីការប្រឆាំងនឹងអ៊ីស្រាអែល ភាពលំអៀង និងបញ្ហាគ្រប់គ្រង៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: