ព័ត៌មានអន្តរជាតិ

ផ្លូវដែកចិន-ឡាវ ដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនបានជាង ៤លានតោន

BY
Khmerpress
June 13, 2023
ផ្លូវដែកចិន-ឡាវ ដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនបានជាង ៤លានតោន

(វៀងចន្ទន៍)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសឡាវ បានរាយការណ៍ថា ផ្លូវដែកចិន-ឡាវ បានដឹកជញ្ជូនទំនិញបានជាង ៤លានតោន គិតចាប់តាំងពីរថភ្លើងនេះ ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២១មក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ។

ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានរាយការណ៍ដោយដកស្រង់ សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានឡាវ KPL កាលពីថ្ងៃចន្ទថា ចាប់តាំងពីផ្លូវរថភ្លើងបានបើកដំណើរការ ក្នុងខែធ្នូ ឆ្នាំ២០២១មក រថភ្លើងនេះបានដឹកទំនិញនាំចូល និងនាំចេញចំនួន ៤ ០៩៧ ៣០០តោន។

ក្នុងនោះមានប្រមាណ ៣ ៤៥០ ០០០តោន ត្រូវបាននាំចេញពីឡាវទៅប្រទេសចិន និង៦៥០ ៩០០តោននាំចេញពីប្រទេសចិន ទៅកាន់ប្រទេសឡាវ។

ទំនិញដែលដឹកជញ្ជូនពីប្រទេសឡាវ ទៅកាន់ប្រទេសចិនភាគច្រើនរួមមានកៅស៊ូ រ៉ែដែក រ៉ែស័ង្កសី កំបោរ ផ្លែឈើ ម្សៅដំឡូង និងស្រូវបាឡេ។ ទន្ទឹមនឹងនេះដែរ ផលិតផលដែលដឹកជញ្ជូនពីប្រទេសចិនទៅកាន់ប្រទេសឡាវ រួមមានឧបករណ៍អគ្គិសនី គ្រឿងបន្លាស់ និងទំនិញប្រើប្រាស់ក្នុងផ្ទះ។

ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៣ ទំនិញចំនួន ១ ៥៨០ ៦៨០តោន ត្រូវបានដឹកជញ្ជូនពីប្រទេសឡាវទៅកាន់ប្រទេសចិន ហើយទំនិញចំនួន ១៦០ ៩១០តោនត្រូវបានដឹកជញ្ជូនពីប្រទេសចិនទៅកាន់ប្រទេសឡាវ។

យោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ ប្រតិបត្តិករធុរកិច្ចក្នុងប្រទេសឡាវ ថៃ វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា កំពុងប្រើប្រាស់ផ្លូវដែកចិន-ឡាវ ដើម្បីដឹកជញ្ជូនទំនិញទៅកាន់ និងមកពីប្រទេសចិន។

ប្រទេសថៃកំពុងដឹកជញ្ជូនទំនិញកាន់តែច្រើនឡើង ទៅកាន់ប្រទេសចិនតាមផ្លូវដែក ដែលភាគច្រើនជាផលិតផលកសិកម្ម។ ការចំណាយពេលលើការដឹកជញ្ជូនទំនិញតាមរថភ្លើងលឿនជាង ផ្លូវដឹកជញ្ជូនតាមផ្លូវរយៈពេល ៣ថ្ងៃ។

ផ្លូវដែកចិន-ឡាវ ដែលជាគម្រោងដ៏សំខាន់ដែលបង្ហាញ ពីកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់ បានចាប់ផ្តើមដំណើរការនៅខែធ្នូ ឆ្នាំ២០២១។ ផ្លូវដែកនេះឆ្លងកាត់ព្រំដែនប្រវែង ១ ០៣៥ គីឡូម៉ែត្រតភ្ជាប់ទីក្រុងគុនមីងភាគនិរតីនៃប្រទេសចិន ជាមួយរដ្ឋធានីវៀងចន្ទន៍របស់ប្រទេសឡាវ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: