សហរដ្ឋអាមេរិកប្រកាសកញ្ចប់ជំនួយយោធាថ្មីទៀត ទំហំ៣២៥លានដុល្លារ សម្រាប់អ៊ុយក្រែន
- BY
- Naren
- June 14, 2023
(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសកញ្ចប់ជំនួយយោធាថ្មីទៀតមានទំហំ៣២៥លានដុល្លារ សម្រាប់អ៊ុយក្រែន ដែលនឹងរួមមានមីស៉ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស រ៉ុក្កែត គ្រាប់រំសេវផ្សេងៗ ហើយនិងរថពាសដែក ជាដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។
ការប្រកាសកញ្ចប់ជំនួយយោធាថ្មីខាងលើនេះធ្វើឡើង ស្របពេលដែលអ៊ុយក្រែនបានចាប់ផ្តើមប្រតិបត្តិការវាយបករបស់ខ្លួន ហើយបានមើលឃើញរថពាសដែកមួយចំនួន ដែលសហរដ្ឋអាមេរិកផ្តល់ឱ្យ ត្រូវបានបាត់បង់នៅលើសមរភូមិ។ ក្រោមកញ្ចប់ជំនួយ អ៊ុយក្រែននឹងទទួលបានបន្ថែមទៀតនូវ មីស៉ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស NASAMS, រ៉ុក្កែតសម្រាប់ប្រព័ន្ធបាញ់ផ្លោង HIMARS, គ្រាប់កាំភ្លើងធំប្រភេទ១៥៥មីលីម៉ែត្រ ព្រមទាំងប្រព័ន្ធប្រឆាំងយន្តហោះ Stinger ហើយនិងអាវុធសម្រាប់ប្រឆាំងរថក្រោះ។
គួរបញ្ជាក់ថា ក្រៅពីនេះ វាក៏នឹងមានរួមរថពាសដែកប្រយុទ្ធ Bradley ១៥គ្រឿង, រថពាសសម្រាប់ដឹកកងទ័ព Stryiker ១០គ្រឿង, ឧបករណ៍សម្រាប់ទាក់ទងដែលមានប្រព័ន្ធសុវត្ថិភាពខ្ពស់ និងគ្រាប់រាប់លានគ្រាប់ទៀតសម្រាប់អាវុធធុនតូច ផងដែរ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ទីក្រុងវ៉ាស៉ីនតោនបានផ្តល់ជំនួយផ្នែកសន្តិសុខសរុបជាង ៤០ពាន់លានដុល្លារហើយដល់អ៊ុយក្រែន គិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ីកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕ ផ្តល់សិទ្ធិដោយ៖ Fresh News
- Share This Post: