ព័ត៌មានអន្តរជាតិ

ក្មេងប្រុសម្នាក់បានជាប់ការងារជាវិស្វករ software ឱ្យក្រុមហ៊ុន SpaceX របស់លោក Elon Musk ក្នុងវ័យត្រឹមតែ ១៤ឆ្នាំ

BY
Khmerpress
June 15, 2023
ក្មេងប្រុសម្នាក់បានជាប់ការងារជាវិស្វករ software ឱ្យក្រុមហ៊ុន SpaceX របស់លោក Elon Musk ក្នុងវ័យត្រឹមតែ ១៤ឆ្នាំ

កុមារាសញ្ជាតិបង់ក្លាដែស-អាមេរិកម្នាក់ ដែលមានឈ្មោះថា Kairan Quazi ត្រូវបានក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីលោក Elon Musk ជួលឱ្យក្លាយជាវិស្វករ software របស់ក្រុមហ៊ុន ដែលធ្វើឱ្យគាត់ក្លាយជាបុគ្គលិកក្មេងជាងគេបំផុត ដែលក្រុមហ៊ុនធ្លាប់បានជួលពីមុនមក។ កុមារាអាយុ ១៤ឆ្នាំរូបនេះ បានជួបសម្ភាសន៍ការងារជាមួយក្រុមការងាររបស់ SpaceX ហើយក្រោយមក គាត់ក៏បានទទួលការអញ្ចើញពីក្រុមហ៊ុន។ Quazi បាននិយាយថា គាត់មានការសប្បាយចិត្តខ្លាំងណាស់ ដែលអាចធ្វើការឱ្យក្រុមហ៊ុនដ៏ឡូយបំផុតនៅលើផែនដី ហើយមិនគិតពីអាយុរបស់គាត់។

កុមារារូបនេះ នឹងត្រូវបញ្ចប់ការសិក្សាពីមហាវិទ្យាល័យវិស្វកម្មនៃសាកលវិទ្យាល័យ Santa Clara ឆាប់ៗនេះផងដែរ ហើយគាត់ក៏ក្លាយជានិស្សិតបញ្ចប់ការសិក្សាវ័យក្មេងបំផុតរបស់សាកលវិទ្យាល័យមួយនេះ។ ឥឡូវនេះ Quazi កំពុងរៀបចំផ្លាស់ប្តូរផ្ទះពីរបស់គាត់ជាមួយម្ដាយ ចេញពី Pleasanton របស់រដ្ឋ California ទៅ Redmond ក្នុងរដ្ឋ Washington ដើម្បីអាចធ្វើការជាមួយ SpaceX។ កុមារា Quazi នឹងត្រូវបំពេញការងារជាមួយ Starlink ដែលជាក្រុមអ៊ីនធឺណិតផ្កាយរណបរបស់ SpaceX។

បើតាមការរាយការណ៍ពីកាសែត LA Times បានឱ្យដឹងថា Quazi អាចនិយាយជាប្រយោគបានយ៉ាងច្បាស់តាំងពីអាយុ ២ឆ្នាំ ហើយនៅអាយុ ៩ឆ្នាំ នៅកំឡុងពេលរៀនថ្នាក់ទី៣, គាត់អាចធ្វើកិច្ចការសាលាបានយ៉ាងងាយស្រួល ដែលហាក់ដូចជាការងារសាលាទាំងនោះ មិនសាកសមជាមួយភាពឆ្លាតវៃរបស់គាត់ឡើយ។ Quazi ក៏ធ្លាប់ចុះកម្មសិក្សានៅ Intel Labs ហើយចូលរៀនផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្មនៅអាយុ ១១ឆ្នាំ។ គាត់ក៏ធ្លាប់ជាអ្នកហាត់ការនៅក្រុមហ៊ុន Blackbird.AI នៅឆ្នាំ២០២២ និងបានជួយក្រុមរចនាកម្មវិធីមួយ ដែលអាចចាប់ខ្លឹមសារដែលបំពុល នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: