ព័ត៌មានអន្តរជាតិ

លោក Bill Gates ជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន

BY
Naren
June 17, 2023
លោក Bill Gates ជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន

(ប៉េកាំង)៖ លោក Bill Gates បានជួបជាមួយនឹង លោក Xi Jinping នៅថ្ងៃសុក្រសប្តាហ៍នេះ ដែលជាជំនួបមួយទល់នឹងមួយលើកដំបូងរបស់មេដឹកនាំចិន ជាមួយអ្នកជំនួញលោកខាងលិចក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣។

លោក Gates ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft (MSFT) និងជាមហាសេដ្ឋីលំដាប់ទីប្រាំរបស់ពិភពលោក កំពុងនៅទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះ សម្រាប់ការធ្វើដំណើរលើកដំបូងរបស់លោក ទៅកាន់រដ្ឋធានីរបស់ប្រទេសចិន ចាប់តាំងពីឆ្នាំ ២០១៩ មុនពេលជំងឺរាតត្បាកូវីដ១៩។

ក្នុងជំនួបទ្វេរភាគី លោក Xi បានអំពាវនាវឱ្យ លោក Gates ឱ្យជួយលើកកម្ពស់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដោយបានស្វាគមន៍មហាសេដ្ឋីបច្ចេកវិទ្យារូបនេះយ៉ាងកក់ក្តៅផងដែរ។ លោក Xi និយាយថា «ខ្ញុំរីករាយណាស់ដែលបានជួបអ្នក។ យើង​មិន​បាន​ជួប​គ្នា​ជាង​បី​ឆ្នាំ​មក​ហើយ… ហើយ​អ្នក​គឺ​ជា​មិត្ត​ចាស់​របស់​យើង»។

លោក Xi បានបន្តប្រាប់​លោក Gates ថា «ខ្ញុំជឿថា មូលដ្ឋានគ្រឹះនៃទំនាក់ទំនងចិន-អាមេរិក គឺស្ថិតនៅលើប្រជាជន។ ជាមួយនឹងស្ថានភាពពិភពលោកបច្ចុប្បន្ន យើងអាចអនុវត្តសកម្មភាពផ្សេងៗដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសរបស់យើង ប្រជាជននៃប្រទេសរបស់យើង និងមនុស្សជាតិទាំងមូល»។

ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនកាន់តែអាក្រក់ទៅៗក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែថ្មីៗនេះភាគីទាំងពីរបានពិភាក្សាគ្នាលើបញ្ហាពាណិជ្ជកម្ម និងបញ្ហាផ្សេងៗទៀត ខណៈរដ្ឋមន្ត្រីការបរទេស លោក​ Antony Blinken ត្រូវបានគេរំពឹងថានៅក្នុងប្រទេសចិននៅថ្ងៃអាទិត្យនេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ។

លោក​នឹង​ក្លាយជា​រដ្ឋមន្ត្រីការបរទេស​ដំបូង​គេ​ ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ចាប់តាំងពី​ឆ្នាំ ២០១៨ ហើយ​ត្រូវបាន​រំពឹងថា ​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស Qin Gang និង​ប្រធានាធិបតី​ចិន លោក Xi Jinping ផងដែរ នេះបើយោងតាម​មន្ត្រី​អាមេរិក។

កាលពីថ្ងៃព្រហស្បតិ៍ មូលនិធិហ្គេតស៍បានសន្យាផ្តល់ប្រាក់ចំនួន ៥០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពរបស់វិទ្យាស្ថានស្រាវជ្រាវឱសថសកលដើម្បីអភិវឌ្ឍឱសថក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដូចជាជំងឺគ្រុនចាញ់ និងជំងឺរបេង។ វិទ្យាស្ថាននេះត្រូវបានបង្កើតរួមគ្នា ដោយមូលនិធិហ្គេតស៍ សាកលវិទ្យាល័យ Tsinghua និងរដ្ឋាភិបាលក្រុងប៉េកាំង។

គួរបញ្ជាក់ថា​ ការធ្វើដំណើរចុងក្រោយបំផុតរបស់ លោក Gates គឺទៅកាន់ប្រទេសចិនគឺក្នុងឆ្នាំ ២០១៩ ជាពេលដែលលោកបានជួបជំទាវទីមួយ លោកស្រី Peng Liyuan ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងបង្ការជំងឺអេដស៍របស់មូលនិធិ Gates៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: