ព័ត៌មានអន្តរជាតិ

រលកកម្ដៅផ្ដាច់ជីវិតមនុស្ស ៣៤នាក់ នៅឥណ្ឌា ខណៈមនុស្សចាស់ត្រូវបានណែនាំឱ្យស្នាក់នៅក្នុងផ្ទះ

BY
Nisaiy KP
June 18, 2023
រលកកម្ដៅផ្ដាច់ជីវិតមនុស្ស ៣៤នាក់ នៅឥណ្ឌា ខណៈមនុស្សចាស់ត្រូវបានណែនាំឱ្យស្នាក់នៅក្នុងផ្ទះ

(ញូវដេលី)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសឥណ្ឌា បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថាមនុស្សយ៉ាងហោច ៣៤នាក់បានស្លាប់ ដោយសាររលកកម្ដៅដ៏ក្ដៅនារយៈពេល២ថ្ងៃ កន្លងមកនេះ នៅក្នុងរដ្ឋ អ៊ូតតា ប្រាដែស (Uttar Pradesh) ដោយជំរុញឱ្យក្រុមគ្រូពេទ្យ និងអាជ្ញាធរណែនាំឱ្យមនុស្សមានអាយុ ៦០ឆ្នាំឡើង ត្រូវស្នាក់នៅក្នុងផ្ទះ អំឡុងពេលថ្ងៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣។


មនុស្ស ៣៤នាក់ដែលបានស្លាប់ សុទ្ធសឹងជាមនុស្សមានវ័យ ៦០ឆ្នាំឡើង និងមានបញ្ហាសុខភាពស្រាប់ ឬជំងឺប្រចាំកាយ ដែលធ្វើឱ្យពួកគេមិនអាចទ្រាំទ្រនឹងកម្ដៅ បាន។ បើតាមអាជ្ញាធរឥណ្ឌា ជនរងគ្រោះដែលបានស្លាប់ទៀតសោត ត្រូវបានរាយការណ៍នៅក្នុងស្រុក បាលលៀ (Ballia) ស្ថិតនៅចម្ងាយ ២០០គីឡូម៉ែត្រពី ភាគអាគ្នេយ៍នៃទីក្រុង Lucknow ដែលជារដ្ឋធានីនៃរដ្ឋ Uttar Pradesh។

គួរបញ្ជាក់ថា មនុស្ស ២៣នាក់ដែលស្លាប់ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ និង១១នាក់ផ្សេងទៀតត្រូវបានរាយការណ៍កាលពីថ្ងៃសុក្រសប្ដាហ៍នេះដែល សីតុណ្ហភាពបានឡើងដល់ ៤២.២អង្សាសេ ឬលើសកម្រិតកម្ដៅធម្មតា ៤.៧អង្សាសេ៕
ផ្ដល់សិទ្ធិដោយ៖freshnews

Share This Post: