ព័ត៌មានអន្តរជាតិ

Ford បោះសំដីថា អាមេរិកមិនទាន់យកឈ្នះលើចិនក្នុងវិស័យរថយន្តអគ្គិសនីបាននៅឡើយទេ

BY
Khmerpress
June 19, 2023
Ford បោះសំដីថា អាមេរិកមិនទាន់យកឈ្នះលើចិនក្នុងវិស័យរថយន្តអគ្គិសនីបាននៅឡើយទេ

(បរទេស)៖ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផលិតរថយន្តលំដាប់ខ្នាតយក្ស Ford Motor លោក Bill Ford បាននិយាយថា សហរដ្ឋអាមេរិកមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតប្រជែងជាមួយប្រទេសចិនក្នុងការផលិតរថយន្តអគ្គិសនីនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

ក្រុមហ៊ុន Ford បានប្រាប់កម្មវិធី «Fareed Zakaria GPS» របស់ទូរទស្សន៍ CNN នៅថ្ងៃអាទិត្យថា ថ្មីត្បិតតែអាមេរិកជាប្រទេសអ្នកមាន និងជឿនលឿនខ្លាំងទៅលើបច្ចេកវិទ្យា ប៉ុន្តែនៅមានចិនមួយទៀតក៏មិនធម្មតាដែរ «ចិនបានអភិវឌ្ឍសមត្ថភាពបានលឿនណាស់ ហើយពួកគេបានអភិវឌ្ឍវាក្នុងទ្រង់ទ្រាយធំ ហើយឥឡូវនេះពួកគេកំពុងនាំចេញសមិទ្ធផលទាំងនោះ»។ Ford បានបន្តទៀតថា «យើងត្រូវត្រៀមខ្លួនឱ្យបានឆាប់ជាងនេះ បើទោះបីជាចិនមិនមានរោងចក្រផលិតនៅទីនេះក៏ពិតមែន តែថ្ងៃណាមួយគេនឹងវាយលុកមកដល់ទីផ្សារអាមេរិកមិនខាន គ្រាន់តែយូរ និងឆាប់ប៉ុណ្ណោះ»។

ដោយឡែកកាលពីខែកុម្ភៈកន្លងទៅ ក្រុមហ៊ុន Ford ធ្លាប់បានប្រកាសពីផែនការវិនិយោគដែលមានតម្លៃ ៣.៥ពាន់លានដុល្លារដើម្បីបង្កើតរោងចក្រផលិតអាគុយរថយន្តអគ្គិសនីនៅរដ្ឋ Michigan រួចទៅហើយ ដែលក្នុងកិច្ចព្រមព្រៀងនោះមានពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាពីក្រុមហ៊ុនអាគុយរបស់ចិន CALT។ យ៉ាងណាផែនការវិនិយោគនេះនៅមិនទាន់មានការអនុញ្ញាតនៅឡើយនោះទេ ដោយកំពុងស្ថិតក្រោមការពិនិត្យឡើងវិញពីរដ្ឋបាល Biden នូវកិច្ចព្រមព្រៀងនេះ។

Bill Ford ដែលជាចៅទួតរបស់ស្ថាបនិកក្រុមហ៊ុន Ford លោក Henry Ford បាននិយាយនៅក្នុងកម្មវិធីថា រោងចក្រផលិតអាគុយនៅរដ្ឋ Michigan គឺជាឱកាសសម្រាប់វិស្វករ Ford ដើម្បីសិក្សាពីបច្ចេកវិទ្យា បន្ទាប់មកយើងនឹងពង្រឹងសមត្ថភាពដោយខ្លួនឯងបន្ថែមទៀត។ ពោលគឺកិច្ចព្រមព្រៀងបង្កើតរោងចក្ររវាង Ford និង CALT នៅអាមេរិកទំនងជាការខ្ចីដៃពីចិនប្រើដើម្បីកសាងសមត្ថភាពរបស់ខ្លួន។

គួរជម្រាបដែថា Ford នៅតែមានការប្រុងប្រយ័ត្នខ្ពស់ពីដៃគូប្រទេសចិន បើតាមការលើកឡើងពី CEO លោក Jim Farley បាននិយាយកាលពីខែឧសភាថា មិន GM ឬ Toyota ទេដែលគូប្រជែងរបស់យើង តែក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនទៅវិញទេដែលជាគូប្រជែងដល់សំខាន់របស់យើងនៅក្នុងវិស័យនេះ។ «ថ្ងៃណាមួយជនជាតិចិន នឹងក្លាយជាមហាអំណាចរថយន្តអគ្គិសនី»៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: