ព័ត៌មានអន្តរជាតិ

គណៈកម្មការរៀបចំការបោះឆ្នោតថៃ ប្រកាសទទួលស្គាល់សមាជិករដ្ឋសភាថ្មីទាំងអស់

BY
Khmerpress
June 20, 2023
គណៈកម្មការរៀបចំការបោះឆ្នោតថៃ ប្រកាសទទួលស្គាល់សមាជិករដ្ឋសភាថ្មីទាំងអស់

(បាងកក)៖ សមាជិករដ្ឋសភាជាប់ឆ្នោតថ្មីទាំង ៥០០រូប ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតថៃ ទទួលស្គាល់ជាផ្លូវការហើយនៅថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីការបោះឆ្នោតសកល កាលពីខែឧសភាកន្លងទៅ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣។

នៅក្នុងចំណោមសមាជិករដ្ឋសភាទាំង ៥០០រូបខាងលើ មានសមាជិករដ្ឋសភា ៤០០រូប ត្រូវបានជ្រើសរើសតាមប្រព័ន្ធឯកត្តនាមគិតតាមមណ្ឌល រីឯ ១០០រូបទៀត ត្រូវបានជ្រើសរើសតាមប្រព័ន្ធសមាមាត្រគិតទៅតាមបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ នៅក្រោមក្របខណ្ឌជាតិ។

បើតាមគណៈកម្មការរៀបចំការបោះឆ្នោតថៃ ការប្រកាសទទួលស្គាល់សមាជិករដ្ឋសភាជាប់ឆ្នោតថ្មី ធ្វើឡើង នៅមុនពេលគណៈកម្មការបញ្ចប់ការស៊ើបអង្កេត របស់ខ្លួនពាក់ព័ន្ធនឹងបណ្ដឹងមួយចំនួន ពីព្រោះចង់ផ្ដល់ឱកាសឱ្យគ្រប់ភាគីទាំងអស់មានពេលគ្រប់គ្រាន់ដើម្បីការពារខ្លួន។ ប៉ុន្តែ អគ្គលេខាធិការគណៈកម្មការ រៀបចំការបោះឆ្នោតថៃ លោក សាវែង ប៊ូនមី (Sawaeng Boonmee) បានបញ្ជាក់ថាគណៈកម្មការរៀបចំការបោះឆ្នោតមានអំណាចបន្តការស៊ើបអង្កេត របស់ខ្លួន នៅក្រោយការប្រកាសទទួលស្គាល់ ហើយបើមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ពីការក្លែងបន្លំសន្លឹកឆ្នោតណាមួយពាក់ព័ន្ធនឹងសមាជិករដ្ឋសភា ណាម្នាក់ នោះគណៈកម្មការ នឹងស្នើឱ្យតុលាការកំពូលដកសមាជិកភាពរបស់តំណាងរាស្ត្ររូបនោះ។

គួរបញ្ជាក់ថា ថៃ បានរៀបចំការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅ ដោយគណបក្ស Move Forward ជាអ្នកទទួលបានជ័យជម្នះ ហើយ មេដឹកនាំគណបក្សនេះគឺលោក Pita Limjaroenrat ដែលជាបេក្ខជននាយករដ្ឋមន្ត្រី បានបង្កើតក្រុមចម្រុះមួយដោយមានអាសនៈ៣១២ នៅក្នុងចំណោម អាសនៈសរុបនៃរដ្ឋសភាចំនួន ៥០០អាសនៈ។ ប៉ុន្តែដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រី លោក Pita ត្រូវតែប្រមូលឱ្យបាននូវសំឡេងគាំទ្រយ៉ាងហោច ៣៧៦ ពីព្រឹទ្ធសភា និងរដ្ឋសភា ដែលមានអាសនៈបញ្ចូលគ្នាចំនួន ៧៥០អាសនៈ ខណៈការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីគ្រោងប្រព្រឹត្តទៅនៅខែកក្កដា ខាងមុខ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: