ព័ត៌មានអន្តរជាតិ

រដូវកាលប្រមូលផលចូលមកដល់ កសិករវៀតណាមបានបញ្ជូនផ្លែគូលែនទៅលក់នៅទីផ្សារដង្ហែគ្នាប្រវែងជិត ១គីឡូម៉ែត្រ

BY
Khmerpress
June 20, 2023
រដូវកាលប្រមូលផលចូលមកដល់ កសិករវៀតណាមបានបញ្ជូនផ្លែគូលែនទៅលក់នៅទីផ្សារដង្ហែគ្នាប្រវែងជិត ១គីឡូម៉ែត្រ

ក្រោយធ្វើការប្រមូលផលរួចរាល់ ផ្លែគូលែនជាច្រើនត្រូវបានកសិករវៀតណាមបញ្ជូនទៅលក់នៅទីផ្សារមួយកន្លែង ក្នុងខេត្ត Bac Giang ដែលធ្វើឱ្យកំណាត់ផ្លូវទាំងមូលនៅតាមបណ្ដោយផ្សារមានការមមាញឹកយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។ ផ្លូវជាតិលេខ៣១ ឆ្លងកាត់ស្រុក Luc Ngan ត្រូវបានគេមើលឃើញថា មានការកកស្ទះចរាចរយ៉ាងខ្លាំង នៅក្នុងប្រវែងប្រមាណជា ១គីឡូម៉ែត្រ នៅពេលដែលកសិករចែកចាយផ្លែគូលែនទៅឱ្យឈ្មួញរបស់ពួកគេ។

រដូវ​ប្រមូល​ផល​ផ្លែគូលែននៅ​ស្រុក Luc Ngan បានចាប់​ផ្ដើម​នៅ​ចុង​ខែ​ឧសភា ហើយ​វាបន្ដមាន​រយៈពេល​ជាង​មួយ​ខែ។ យោងតាមនាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មនៃខេត្ត Bac Giang បានឱ្យដឹងថា កសិករបានលក់ផ្លែគូលែនជាង ៣៥,០០០ តោន គិតមកទល់ពេលនេះ ហើយកសិករ​ម្នាក់​ៗ នឹងទទួល​បាន​សំបុត្រ​មួយ បញ្ជាក់ពីការលក់ផ្លែគូលែនរបស់ពួកគេ។ បច្ចុប្បន្ន ឈ្មួញបានទិញគូលែនពីកសិករក្នុងតម្លៃ ១០,០០០-៣៥,០០០ ដុង (១.៥ ដុល្លារ) ក្នុង​មួយ​គីឡូ​ក្រាម អាស្រ័យ​លើ​គុណភាព​ផលិតផល។

បន្ទាប់មកឈ្មួញនឹងបញ្ជូនផ្លែគូលែនទាំងនោះទៅតំបន់ភាគខាងត្បូង រួមទាំងទីក្រុងហូជីមិញ និងខេត្តនៅជិតៗដូចជា ហាណូយជាដើម។ ផ្លែគូលែនរបស់ខេត្ត Bac Giang ក៏ត្រូវបាននាំចេញផងដែរ ប៉ុន្តែសម្រាប់ទីផ្សារបរទេស ឈ្មួញត្រូវទៅមើលកសិដ្ឋាន និងជ្រើសរើសផ្លែឈើដោយខ្លួនឯង។ សម្រាប់រដូវកាលនេះ ចម្ការចំនួន ៨៨ បានបំពេញតាមលក្ខណៈវិនិច្ឆ័យ និងបាននាំចេញផ្លែឈើទៅកាន់ប្រទេសដូចជា៖ អូស្ត្រាលី ចិន សហភាពអឺរ៉ុប ជប៉ុន សហរដ្ឋអាមេរិក និងប្រទេសថៃ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: