ព័ត៌មានអន្តរជាតិ

កូនកំលោះម្នាក់ដើរចេញពីរោងការទាំងកំហឹង ក្រោយកូនក្រមុំស្រាប់តែសុំតម្លើងថ្លៃបណ្ណាការជិត ៣ម៉ឺនដុល្លារបន្ថែមទៀតក្នុងថ្ងៃរៀបការ

BY
Khmerpress
June 20, 2023
កូនកំលោះម្នាក់ដើរចេញពីរោងការទាំងកំហឹង ក្រោយកូនក្រមុំស្រាប់តែសុំតម្លើងថ្លៃបណ្ណាការជិត ៣ម៉ឺនដុល្លារបន្ថែមទៀតក្នុងថ្ងៃរៀបការ

ចិន៖ បរិយាកាសរីករាយនៅក្នុងថ្ងៃរៀបមង្គលការមួយត្រូវបានរលាយបាត់មួយរំពេច ក្រោយកូនក្រមុំបានទាមទារ​ប្រាក់ថ្លៃបណ្ណាការបន្ថែមក្នុងថ្ងៃរៀបការ ខណៈការទាមទារដោយអត់មានការគ្រោងទុកនោះបានធ្វើឲ្យកូនកំលោះខឹងយ៉ាងខ្លាំងរហូតសម្រេចចិត្តដើរចេញពីកម្មវិធីតែម្តង។

យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមិថុនានេះបានឲ្យដឹងថា ហេតុការណ៍ខាងលើនេះបានកើតឡើងនៅក្នុងខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន ខណៈអត្តសញ្ញាណពិតប្រាកដរបស់កូនក្រមុំនិងកូនកំលោះមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ។

ប្រភពខាងលើបានបន្តថា មុនពេលរៀបការគ្រួសារខាងកូនកំលោះបានជូនប្រាក់ថ្លៃបណ្ណាការគ្រប់ចំនួនទៅកាន់គ្រួសារខាងកូនស្រីរួចម្តងហើយ ដូចនេះភាគីខាងកូនកំលោះមិនបានត្រៀមប្រាក់សម្រាប់ចំណាយអ្វីបន្ថែមទៀតនោះទេសម្រាប់ការរៀបការ។ យ៉ាងណាក្តី នៅក្នុងពេលមួយដែលកូនកំលោះត្រូវទៅទទួលកូនក្រមុំចេញពីរថយន្តដើម្បីដើរចូលក្នុងកម្មវិធីមង្គលការស្រាប់តែមិត្តភក្តិរបស់ស្រ្តីជាកូនក្រមុំបានប្រាប់ទៅកាន់បុរសជាកូនកំលោះថា គាត់ត្រូវផ្តល់ប្រាក់បណ្ណាការចំនួន ២០០,០០០យន់ (២៧,៨៧២ដុល្លារ) បន្ថែមទៀត ទើបកូនក្រមុំព្រមដើរចេញពីរថយន្ត។

ដំបូងឡើយកូនកំលោះគិតថា ការទាមទារប្រាក់ប​ន្ថែមនេះគឺគ្រាន់តែជាការនិយាយលេងប៉ុណ្ណោះ ដូចនេះគាត់ក៏បានព្យាយាមទៅអញ្ជើញកូនក្រមុំឲ្យចុះពីរថយន្តជាច្រើនដង​ តែកូនក្រមុំនៅតែបដិសេធមិនព្រមចេញពីរថយន្ត ខណៈមានភ្ញៀវកិត្តិយសជាច្រើននាក់កំពុងរង់ចាំធ្វើការអបអរកូនក្រមុំនិងកូនកំលោះទាំង ២រូបនោះ។ ឥរិយាបថរបស់ស្រ្តីជាកូនក្រមុំបានធ្វើឲ្យបុរសជាកូនកំលោះមានអារម្មណ៍ខឹងយ៉ាងខ្លាំង ហើយគាត់ក៏បានសម្រេចដើរចេញពីកម្មវិធីមង្គលការនោះតែម្តង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: