ព័ត៌មានអន្តរជាតិ

រូបគំនូរមានអាយុកាល ៤០០ឆ្នាំមួយផ្ទាំងនឹងត្រូវដាក់ក្នុងតម្លៃរហូតដល់ ៧,៧លានដុល្លារ

BY
Khmerpress
June 21, 2023
រូបគំនូរមានអាយុកាល ៤០០ឆ្នាំមួយផ្ទាំងនឹងត្រូវដាក់ក្នុងតម្លៃរហូតដល់ ៧,៧លានដុល្លារ

រូបគំ​នូរមួយផ្ទាំងដែលបានបាត់ចេញពីប្រវត្តិសាស្រ្តអស់រយៈពេលជាង ៣០០ ឆ្នាំ និងទើបត្រូវបានគេរកឃើញឡើងវិញកាលពីពេលថ្មីៗនេះ នឹងត្រូវគេដាក់លក់ក្នុងតម្លៃប្រមាណជា ៧,៧លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី២០ ខែមិថុនានេះ។ រូបគំនូរមួយផ្ទាំងនេះគឺជាស្នាដៃរបស់វិចិត្រករដ៏ល្បីល្បាញក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក គឺលោក  Peter Paul Rubens ដែលមានបានទទួលមរណភាពកាលពីឆ្នាំ ១៦៤០។

រូបគំនូរ “Saint Sebastian Tended by Two Angels”

រូបគំនូរមួយផ្ទាំងនេះមានឈ្មោះថា “Saint Sebastian Tended by Two Angels” ដែលត្រូវបានគូរយ៉ាងផ្ចិតផ្ចង់ក្នុងចន្លោះឆ្នាំ ១៦០៦-១៦០៨ ឬនៅក្នុងចន្លោះឆ្នាំ ១៦០៩-១៦១០ ពោលគឺវាមានអាយុកាលប្រមាណជា ៤០០ឆ្នាំមកហើយ។ យ៉ាងណាក្តី នៅក្នុងអំឡុងឆ្នាំ ១៧៣០ រូបគំនូរដ៏អស្ចារ្យមួយផ្ទាំងនេះស្រាប់តែបានបាត់ចេញពីប្រវត្តិសាស្រ្តរបស់ពិភពលោក ហើយគ្មានអ្នកណាម្នាក់បានដឹងថាវាបានបាត់ដោយរបៀបណានោះទេ។

ថ្មីៗនេះក្រុមអ្នកជំនាញផ្នែកបុរាណវិទ្យាបានប្រទះឃើញរូបគំនូរចាស់ទ្រុឌទ្រោមមួយផ្ទាំងនៅក្នុងប្រទេសអ៊ីតាលី ហើយនៅពេលដែលគេប្រើប្រាស់បច្ចេកវិទ្យា X-Ray វិភាគនៅលើរូបនោះ គេក៏បានរកឃើញការពិតថា  វាគឺជារូបគំនូរដើមរបស់លោក Peter Paul Rubens ពោលគឺជារូបដែលបានគូរដោយផ្ទាល់ដៃរបស់គាត់​ មិនមែនជារូបគំនូរគូរតាមឡើងវិញនោះទេ។ តាមគម្រោងគឺរូបគំនូរមួយផ្ទាំងនេះនឹងត្រូវដាក់លក់ដេញថ្លៃក្នុងទីក្រុងឡុងដ៍ នៅខែក្រោយនេះក្នុងតម្លៃចន្លោះពី ៥,១លានដុល្លារ ទៅ ៧,៧លានដុល្លារ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

 ផ្ទាំងគំនូរដែលគេទើបរកឃើញនិងគ្រោងដាក់លក់

Share This Post: