ព័ត៌មានអន្តរជាតិ

អាមេរិកនឹងផ្តល់ជំនួយសេដ្ឋកិច្ចចំនួន១.៣ពាន់លានដុល្លារថែមទៀត ដើម្បីជួយអ៊ុយក្រែនកសាងប្រទេសឡើងវិញ

BY
Khmerpress
June 22, 2023
អាមេរិកនឹងផ្តល់ជំនួយសេដ្ឋកិច្ចចំនួន១.៣ពាន់លានដុល្លារថែមទៀត ដើម្បីជួយអ៊ុយក្រែនកសាងប្រទេសឡើងវិញ

(ឡុងដ៍)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) នៅថ្ងៃពុធនេះ បានប្រកាសថា សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច ទំហំ១.៣ពាន់លានដុល្លារថែមទៀតដល់អ៊ុយក្រែន ដើម្បីជួយប្រទេសដែលហែកហួរដោយសង្រ្គាមឈ្លានពានមួយនេះ ធ្វើកំណែទម្រង់បណ្តាញថាមពលអគ្គិសនី ហើយធ្វើទំនើបកម្មច្រកព្រំដែន កំពង់ផែ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១​ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងក្នុងសន្និសីទស្តីពីកិច្ចប្រឹងប្រែងជួយអ៊ុយក្រែនស្រោចស្រង់ខ្លួនងើបពីសង្រ្គាម ដែលរៀបចំឡើងនៅទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស លោក ប៊ី្លនខិន បាននិយាយដូច្នេះថា «ការស្តារឡើងវិញគឺផ្តោតជាសំខាន់ទៅលើ ការរៀបចំមូលដ្ឋានគ្រឹះសម្រាប់ឱ្យអ៊ុយក្រែនអាចវិវត្តខ្លួនក្លាយទៅជា​ប្រទេសឯករាជ្យមួយ ដែលមានសន្តិសុខ និងត្រូវបានធ្វើសមាហរណកម្មពេញលេញជាមួយអឺរ៉ុប។ ដោយមានការគាំទ្រពីសភាជាតិអាមេរិក យើងនឹងផ្តល់ជំនួយបន្ថែមទៀតទំហំ១.៣ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែនឆ្ពោះទៅសម្រេចបានគោលដៅនោះ»

បើតាមលោករដ្ឋមន្រ្តីការបរទេស នៅក្នុងថវិកាជាង១ពាន់លានដុល្លារនោះ ៥២០លានដុល្លារ នឹងត្រូវប្រើសម្រាប់ជួយអ៊ុយក្រែន កែទម្រង់​បណ្តាញថាមពលអគ្គិសនីរបស់ខ្លួន ដែលបានទទួលបានរងការខូចខាតយ៉ាងដំណំ ដោយសារតែការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី ខណៈ៦៥៧លានដុល្លារ នឹងត្រូវយកទៅប្រើដើម្បីជួយធ្វើទំនើបកម្ម ច្រកចេញចូលព្រំដែន កំពង់ផែ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ​ផ្សេងទៀត។ ក្រៅពីនេះ ខ្ទង់១០០លានដុល្លារ នឹងត្រូវប្រើសម្រាប់ការធ្វើឌីជីថលូបនីយកម្ម ប្រព័ន្ធគយនិងប្រព័ន្ធដទៃទៀតរបស់អ៊ុយក្រែន ក្រោមគោលដៅបង្កើនភាពឆាប់រហ័ស និងកាត់បន្ថយអំពើពុករលួយ ហើយ៣៥លានដុល្លារ សម្រាប់ជួយទ្រទ្រង់ ដល់អាជីវកម្មនៅអ៊ុយក្រែន តាមរយៈការផ្តល់ហិរញ្ញប្បទាននិងការធានារ៉ាប់រង។

គួរបញ្ជាក់ថា កញ្ចប់ជំនួយថ្មីខាងលើ គឺបន្ថែមពីលើទឹកប្រាក់សរុបជាង២០ពាន់លានដុល្លារ នៅក្នុងទម្រង់ជាជំនួយផ្នែកសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ ដែលសហរដ្ឋអាមេរិក បានផ្តល់ឱ្យទៅអ៊ុយក្រែន នាពេលកន្លងមក៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: