ព័ត៌មានអន្តរជាតិ

Alibaba រុះរើរចនាសម្ព័ន្ធ និងប្រកាសតែងតាំង CEO ថ្មី

BY
Khmerpress
June 22, 2023
Alibaba រុះរើរចនាសម្ព័ន្ធ និងប្រកាសតែងតាំង CEO ថ្មី

(បរទេស)៖ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សចិន Alibaba ប្រកាសតែងតាំងនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនថ្មី ខណៈCEO បច្ចុប្បន្នលោក Daniel Zhang គ្រោងចុះចេញពីតំណែងក្នុងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

ដើមសប្តាហ៍នេះ Alibaba ប្រកាសរុះរើអ្នកដឹកនាំដ៏សំខាន់ជាច្រើនរូបក្នុងក្រុមហ៊ុន បន្ទាប់ពីមានការរង្គោះរង្គើដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ បុគ្គលសំខាន់ៗដែលត្រូវបានតែងតាំងតួនាទីថ្មីត្រូវបានគេស្គាល់ថាសុទ្ធសឹងតែជាមនុស្សជំនិតរបស់សហស្ថានិក Alibaba លោក Jack Ma។

Alibaba បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា លោក Eddie Yongming ដែលជាប្រធានប្រតិបត្តិអង្គភាពពាណិជ្ជកម្មអេឡិចត្រូនិក Taobao និង Tmall Group និងចូលមកកាន់តំណែងជា CEO បន្តពីលោក Daniel Zhang ចំណែកឯលោក Joe Tsai ដែលជាសហស្ថាបនិកមួយរូប និងជាប្រធានផ្នែកហិរញ្ញវត្ថុ Alibaba នឹងត្រូវបានតែងតាំងទៅជាក្រុមប្រឹក្សាភិបាលជំនួសវិញ។ ការតែងតាំងបុគ្គលសំខាន់ទាំងពីររូបនេះនឹងចូលជាធរមាននៅថ្ងៃទី១០ ខែកញ្ញា ខាងមុខនេះ ហើយលោក Zhang នឹងទទួលបន្ទុកជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ (CEO) អង្គភាព Cloud របស់ Alibaba បន្ត។

នេះជាលើកទី២ហើយដែល Alibaba បានធ្វើការផ្លាស់ប្តូរដ៏ធំក្នុងភាពជាអ្នកដឹកនាំប្រតិបត្តិក្នុងរយៈពេលពីរបីឆ្នាំបន្ទាប់ពីសហស្ថាបនិក Jack Ma បានលាឈប់នៅឆ្នាំ២០១៩។ ហើយវាកើតឡើងប៉ុន្មានខែបន្ទាប់ពីក្រុមហ៊ុនបានប្រកាសពីការរៀបចំរចនាសម្ព័ន្ធដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេល ២៤ឆ្នាំ។ កាលពីខែមីនាកន្លងទៅ Alibaba បានបំបែកក្រុមហ៊ុនទៅជា ៦ផ្នែកដាច់ដោយឡែកពីគ្នាដោយក្នុងនោះ Alibaba ជាក្រុមហ៊ុនគោល និងមាន ៥ផ្នែកទៀតរួមមានអង្គភាព Cloud, e-commerce, logistics, media និង entertainment ជាអង្គភាពដែលស្ថិតនៅក្រោមការគ្រប់គ្រង ខណៈអង្គភាពទាំងនេះនឹងត្រូវបានត្រួតពិនិត្យដោយនាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលរៀងៗខ្លួន។

គួរជម្រាបដែរថា លោក Zhang ត្រូវបានតែងតាំងដោយ Alibaba ជានាយកប្រតិបត្តិនៅខែឧសភា ឆ្នាំ ២០១៥ ដែលមានរយៈពេល ៨ឆ្នាំបន្ទាប់ពីលោកបានចូលបម្រើការងារដំបូងនៅក្នុងក្រុមហ៊ុន Alibaba។ ដោយឡែកនៅឆ្នាំ ២០១៩ លោកបានជំនួសតំណែងលោក Jack Ma និងកាន់តួនាទីបន្ថែមទៀតជាប្រធានប្រតិបត្តិ ស្របពេលដែល Ma បានចូលនិវត្តន៍នៅឆ្នាំ២០១៩នោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: