ព័ត៌មានអន្តរជាតិ

អូស្រ្តាលីទុកពេលឱ្យ Twitter ២៨ថ្ងៃលុបបំបាត់មាតិកាបំផុសបំផុលសង្គម បើពុំដូច្នោះទេនឹងត្រូវបិទ ឬផាកពិន័យជាប្រាក់

BY
Khmerpress
June 23, 2023
អូស្រ្តាលីទុកពេលឱ្យ Twitter ២៨ថ្ងៃលុបបំបាត់មាតិកាបំផុសបំផុលសង្គម បើពុំដូច្នោះទេនឹងត្រូវបិទ ឬផាកពិន័យជាប្រាក់

(បរទេស)៖ អង្គការឃ្លាំមើលសុវត្ថិភាពអ៊ីនធឺណិតរបស់ប្រទេសអូស្ត្រាលីបានគំរាមពិន័យ Twitter ចំពោះការខកខានមិនព្រមដោះស្រាយទៅលើបញ្ហាដែលគេចាត់ទុកថាជាការរំលោភបំពានទៅលើសុវត្ថិភាពអ្នកប្រើប្រាស់ ហើយទុកពេលឱ្យបណ្តាញផ្សព្វផ្សាយសង្គមនេះមានរយៈពេល ២៨ថ្ងៃដើម្បីលុបបំបាត់រាល់ខ្លឹមសារទាំងអស់នោះ ពុំដូច្នោះទេអាចរងការពិន័យជាប្រាក់ ឬអាចឈានដល់ការបិទភ្លេតហ្វមនេះចោលតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

ស្នងការសុវត្ថិភាពអេឡិចត្រូនិច E-safety អូស្ត្រាលីលោកស្រី Julie Inman Grant បានឱ្យដឹងថា Twitter បានទទួលពាក្យបណ្តឹងមួយក្នុងចំណោមពាក្យបណ្តឹងសរុបចំនួន ៣អំពីបញ្ហាការនិយាយបំផុសបំផុលតាមអ៊ីនធឺណិត ប៉ុន្តែ Twitter ហាក់មិនបានអើពើរនឹងពាក្យបណ្តឹងទាំងនេះនោះទេ។ តាមការបញ្ជាក់ពី Julie Inman Grant បណ្តាញផ្សព្វផ្សាយសង្គម Twitter នឹងត្រូវបានទុកពេលឱ្យ ២៨ថ្ងៃបន្តទៀត បើនៅតែមិនចាត់វិធានការដោះស្រាយនោះទេ នឹងត្រូវប្រឈមនឹងការផាកពិន័យចំនួន ៤៧៥,០០០ដុល្លារក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ។

គួរជម្រាបដែរថា ចាប់តាំងពីការទិញយកក្នុងខែតុលា ឆ្នាំ២០២២ របស់ Elon Musk ក្រុមហ៊ុន Twitter បានផ្លាស់ប្តូររចនាសម្ព័ន្ធជាបន្តបន្ទាប់ និងបានកាត់បន្ថយជាង ៨០ភាយនៃបុគ្គលិកសរុបរបស់ Twitter នៅទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះកាលពីអំឡុងខែវិច្ឆិកា Musk បានប្រកាសការលើកលែងកំហុស ដែលអនុញ្ញាតឱ្យគណនីដែលបានព្យួរ ឬហាមឃាត់រាប់ម៉ឺនគណនីចូលរួមក្នុងភ្លេតហ្វមនេះឡើងវិញ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: