ព័ត៌មានអន្តរជាតិ

YouTube ត្រៀមនាំយក AI ឱ្យមកបញ្ចូលសម្លេង និងបកប្រែតាមភាសានានា

BY
Khmerpress
June 24, 2023
YouTube ត្រៀមនាំយក AI ឱ្យមកបញ្ចូលសម្លេង និងបកប្រែតាមភាសានានា

(បរទេស)៖ YouTube ដែលជាគេហទំព័រ Video Streaming ដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោកកំពុងត្រៀមនាំយកមុខងារបកប្រែ និងបញ្ចូលសម្លេងដែលដំណើរការដោយ AI ដើម្បីជួយអ្នកផលិតមាតិ ក៏ដូចជាអ្នកទស្សនាវីដេអូអាចបកប្រែវីដេអូរបស់ពួកគេទៅជាភាសាផ្សេងៗ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រព័ត៌មាន TechCrunch នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមការប្រកាសរបស់ YouTube នៅក្នុងព្រឹត្តិការណ៍ VidCon ប្រចាំឆ្នាំបានឱ្យដឹងថា YouTube មានគម្រោងប្រើប្រាស់សេវាកម្ម AI មួយដែលមានឈ្មោះថា Aloud ដែលត្រូវបានបង្កើតឡើងដោយក្រុមការងាររបស់ Google ក្នុងគោលបំណងជួយសម្រួលដល់អ្នកដែលមិនចេះភាសាបរទេស។ តាមរយៈរបាយការណ៍ដែលដកស្រង់សម្តីលោក Amjad Hanif អនុប្រធានផ្នែកបង្កើតផលិតផលរបស់ YouTube បាននិយាយថា ក្រុមការងាររបស់ YouTube និង Google បានសិក្សាទៅលើមុខងារមួយនេះជាមួយនឹងបុគ្គលរាប់រយនាក់រួចទៅហើយ ជាពិសេសជាមួយនឹងអ្នកផលិតមាតិកានៅលើ YouTube ផ្ទាល់តែម្តង។

គួរជម្រាបដែរថា សេវាកម្ម AI «Aloud» បច្ចុប្បន្ននេះកំពុងគាំទ្រតែពីរបីភាសាប៉ុណ្ណោះដែលរួមមានភាសាអង់គ្លេស អេស្ប៉ាញ និងព័រទុយហ្គា ចំណែកឯភាសាផ្សេងទៀតនឹងត្រៀមបញ្ចូលនាពេលក្រោយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: