ព្រះករុណា ព្រះមហាក្សត្រ អំពាវនាវឱ្យជនរួមជាតិចូលរួមដាំ ដើមឈើគ្រប់ប្រភេទឱ្យបានច្រើន នៅតាមទីសាធារណៈ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជឱង្ការ អំពាវនាវចំពោះព្រះសង្ឃ អាជ្ញាធរដែនដី វិស័យឯកជន និងបងប្អូនជនរួមជាតិនៅទូទាំងប្រទេស ចូលរួមដាំដើមឈើគ្រប់ប្រភេទបានឱ្យច្រើន ក្នុងនោះ ក៏មានដើមត្នោតដែលជារុក្ខជាតិតំណាងអត្តសញ្ញាណជាតិយើង ដើមឈើទាល ដើមគគីរ ជាដើម។ល។
នៅតាមទីវត្តអារាម ទីសាធារណៈ រមណីយដ្ឋាន ដងផ្លូវលំ ផ្លូវជាតិ ដងប្រឡាយ ភូមិដ្ឋាននានា និងភ្លឺស្រែចម្ការ ដើម្បីបំពេញតម្រូវការផលព្រៃឈើ និងសហគមន៍នានា ។
ព្រះរាជឱង្ការអំពាវនាវរបស់ព្រះករុណា ព្រះមហាក្សត្រ ត្រូវបានធ្វើឡើង ក្នុងខណៈដែលព្រះអង្គសព្វព្រះរាជហឬទ័យ ស្ដេចយាងជាព្រះរាជាអធិតីភាពដ៏ខ្ពស់ខ្ពស់ក្នុងពិធី«បុណ្យរុក្ខទិវា» នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ នៅស្ថានីយ៍ដាំឈើម្សៅក្រដាស ហ៊ុន សែន មានក ស្ថិតក្នុងភូមិ អូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលត្រូវដាំកូនឈើលើផ្ទៃដីទំហំ ១០ហិកតា និងដាំកូនឈើប្រភេទធ្នង់ ច្រេស គីនីន គ្រញូង ស្តៅ និងក្ងោកសរុបជាង ១ម៉ឺន៣ពាន់ដើម។
ព្រះករុណា ព្រះមហាក្សត្រ ក៏បានមានព្រះរាជឱង្ការ សូមឱ្យបងប្អូនជនរួមជាតិចូលរួមជួយការពារព្រៃឈើ និងការពារសត្វព្រៃគ្រប់ប្រភេទ ដើម្បីធានានូវធនធានព្រៃឈើសម្រាប់កូនចៅយើងជំនាន់នេះ និងជំនាន់ក្រោយៗ ទៀត និងជាពិសេស ត្រូវយកចិត្តទុកដាក់ធ្វើកសិកម្មចម្រុះ នៅតាមសហគមន៍នីមួយៗឱ្យអស់លទ្ធភាព ទៅតាមសក្តានុពលដីប្រកបដោយភាពវៃឆ្លាត ដោយមិនពឹងអាស្រ័យទៅលើតែផល-អនុផលព្រៃឈើនោះឡើយ ជាមួយនឹងការគាំទ្រ និងការជួយណែនាំបច្ចេកទេសបន្ថែមពីមន្ត្រីជំនាញ។
ព្រះអង្គបានមានព្រះរាជឱង្ការបន្តថា ប្រជារាស្ត្រកម្ពុជាយល់ច្បាស់ណាស់ថា ព្រៃឈើគឺជាសម្បត្តិធម្មជាតិដែលមានតម្លៃ ដ៏មហាសាលសម្រាប់ជីវិតមនុស្ស និងសត្វ នៅលើភពផែនដីយើងនេះ ហើយការបាត់បង់ ព្រៃឈើគ្រប់ប្រភេទ អាចបណ្តាលឱ្យមានទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះ និងគ្រោះរាំងស្ងួតដែល ធ្វើឱ្យទីតម្កល់ទឹកសម្រាប់តម្រូវការរបស់មនុស្ស និងសត្វ ត្រូវរីងស្ងួត និងឈានទៅរកការបាត់បង់ប្រាក់ចំណូល សត្វព្រៃ និងធនធានមច្ឆជាតិគ្រប់ប្រភេទ ព្រមទាំងអាចបង្កឱ្យមាន ភាពរហោស្ថាន និងការធ្លាក់ចុះគុណភាពដីផងដែរ។
ម្យ៉ាងទៀត ព្រៃឈើមិនត្រឹមតែមាន គុណតម្លៃខាងសេដ្ឋកិច្ច និងសង្គមប៉ុណ្ណោះទេ ថែមទាំងបានជួយថែរក្សាលំនឹងបរិស្ថានធម្មជាតិ ធ្វើឱ្យធាតុអាកាសមានភាពបរិសុទ្ធ រក្សានិយ័តភាពប្រភពទឹក ព្រមទាំងការពារទីជម្រាល និងជីវៈចម្រុះទៀតផង។
ព្រះអង្គ ក៏បានអរគុណចំពោះរដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានលើកឡើងអំពីសមិទ្ធផលដែលសម្រេចបានជា ផ្លែផ្កា ក៏ដូចជាទស្សនវិស័យវែងឆ្ងាយ ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ឱ្យមានលក្ខណៈ ទំនើប ដើម្បីធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ កាត់បន្ថយភាពក្រីក និងចូលរួមទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេសយកចិត្តទុកដាក់ទប់ស្កាត់បទល្មើស ព្រៃឈើ សត្វព្រៃ និងការកាប់រានដីព្រៃឈើខុសច្បាប់។
តាមអនុសាសន៍ដ៏ម៉ឹងម៉ាត់ថ្លៃថ្លា ត្រឹមត្រូវ ច្បាស់លាស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបាន ដឹកនាំព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃ ធ្វើឱ្យ ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិ រីកចម្រើនលើ គ្រប់វិស័យ ទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជាតិ ហើយនៅក្នុងនោះក៏មាន ការជំរុញការវិនិយោគលើវិស័យកសិកម្ម ក្នុងការដាំដើមឈើតាមគ្រប់រូបភាព និងភាពជាដៃគូ នៃកិច្ចសហប្រតិបត្តិការរវាង រដ្ឋ-ឯកជន- ដៃគូអភិវឌ្ឍន៍ និងសហគមន៍។
ព្រះករុណា ព្រះមហាក្សត្រ ក៏បានមានព្រះរាជឱ្យង្ការរម្លឹកថា ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែប្រោសព្រះរាជទានលើកទឹកចិត្ត និងយាង ចូលរួមជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី “រុក្ខទិវា ” នៅតាមបណ្តាខេត្តនានា និងបានក្រើន រម្លឹក ជារឿយៗដល់កូនចៅជាទីស្រឡាញ់របស់ព្រះអង្គឱ្យចូលរួមថែរក្សា និងការពារព្រៃឈើ ដែលជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់ៗរូប តកូន តចៅ រៀងរហូតមក។
ជាងនេះទៀត ព្រះអង្គ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រទេស ជាមិត្ត និងអង្គការជាតិ-អន្តរជាតិនានា ដែលបាននិងកំពុងយកចិត្តទុកដាក់ជួយដល់ការងារដាំឈើ ការថែរក្សានិងការពារធនធានព្រៃឈើ សត្វព្រៃ ក៏ដូចជាការចូលរួមស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា ទាំងក្នុងពេលអតីតកាល និងបច្ចុប្បន្ននេះ ហើយសូមមេត្តាចូលរួម ជួយបន្តទៀត ដើម្បីកម្ពុជាឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីភាព និង ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០។
ព្រះករុណា ព្រះមហាក្សត្រ ក៏បានឧទ្ទិសបួងសួងឱ្យពិធី«បុណ្យរុក្ខទិវា» នេះ ស្ថិតក្នុងបេះដូងរបស់បងប្អូន ជនរួមជាតិគ្រប់ៗរូប នឹងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ រួមគ្នាថែរក្សាការពារ និងអភិវឌ្ឍន៍ធនធានព្រៃឈើសត្វព្រៃ ដែលជាមរតកដ៏មានតម្លៃរបស់ជាតិ យើងឱ្យបានគង់វង្សរហូតទៅ។
គួរបញ្ជាក់ដែរថា «ពិធីរុក្ខទិវា» នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ នៅស្ថានីយ៍ដាំឈើម្សៅក្រដាស ហ៊ុន សែន មា-នក ស្ថិតក្នុងភូមិ អូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងនេះ ក៏មានការចូលរួមយាងដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសំណាក់សមាជិកសមាជិក ព្រឹទ្ធសភា រដ្ឋសភា រាជដ្ឋាភិបាល ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំនៅកម្ពុជា មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ៕ ប្រភព៖ ក្រសួងព័ត៌មាន
