កម្ពុជានាំចេញកសិផលបានចំណូលចំនួន ២.៤ពាន់លានដុល្លារ នៅឆមាសទី១
(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូល ២.៤ពាន់លានដុល្លារ ពីការនាំចេញកសិផលទៅកាន់ប្រទេសចំនួន៦៧ ធ្លាក់ចុះ២២.៥២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។
របាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ដូច្នេះថា «ក្នុងឆមាសទី១ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលចំនួន២ ៤០១ ៦៩២ ២៦៤.៨២ដុល្លារ ធ្លាក់ចុះ២២.៥២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះតម្លៃពីការនាំចេញអង្ករមានចំនួន ២៨១ ៨៣៦ ២១៥ដុល្លារ, ការនាំចេញស្រូវមានចំនួន៤៤៧ ២០៧ ៧១៤ដុល្លារ និងតម្លៃការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន១ ៦៧២ ៦៤៨ ៣៣៥.៨២ដុល្លារ»។
ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ការនាំចេញកសិផលទៅក្រៅប្រទេស ដែលផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុប ៣ ៩០១ ២១៣.៧៧តោន ក្នុងនោះអង្ករចំនួន ៣២៩ ៦៣៣តោន ស្រូវចំនួន ១ ២២៦ ៤០០តោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួន ២ ៣៤៥ ១៨០.៧៧តោន ទៅកាន់ទិសដៅ ៦៧ប្រទេស។
សម្រាប់មូលហេតុដែលការនាំចេញកសិផលក្នុងឆមាសទី១ ឆ្នាំ២០២៣ មានការថយចុះចំនួន ២២.៥២ភាគរយនេះដោយសារតែ៖
១៖ វិបត្តិសេដ្ឋកិច្ចសកលលោក បណ្ដាលឱ្យការបញ្ជាទិញទំនិញគ្រប់ប្រភេទថយចុះ និងបង្អាក់ចរន្តពាណិជ្ជកម្ម។
២៖ កំណើននៃការស្រូបទាញយកវត្ថុធាតុដើមក្នុងស្រុក ដើម្បីផលិតចំណីសត្វ និងការកែច្នៃក្នុងប្រទេសបណ្ដាលឱ្យមានកំណើននៃ ការស្រូបយកផលិតផលស្រស់មកកែច្នៃ។
៣៖ ផលិតកម្មដំណាំមួយចំនួនមានការថយចុះ ដោយសារស្ថានភាពមិនច្បាស់លាស់ខាងទីផ្សារ និងបញ្ហាបម្រែបម្រួលអាកាសធាតុ នាំឱ្យប៉ះពាល់ដល់ទិន្នផល និងគុណភាពនៃដំណាំ។
៤៖ ការនាំចេញដោយគ្មានការស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យ (ការនាំចេញក្រៅផ្លូវការ) តាមច្រករបៀងទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃមួយចំនួនមិនមានការកត់ត្រា៕ ផ្តល់សិទ្ធិដោយ៖ freshnews





