Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងការងារ៖ ពលរដ្ឋដែលរកចំណូលផ្ទាល់ខ្លួនអាចធ្វើបណ្ណសមាជិក ប.ស.ស បាន គ្រាន់តែចំណាយថវិកាជាង១ម៉ឺនរៀលប៉ុណ្ណោះ ក្នុងមួយខែ

    BY Khmerpress July 13, 2023
    រដ្ឋមន្ត្រីក្រសួងការងារ៖ ពលរដ្ឋដែលរកចំណូលផ្ទាល់ខ្លួនអាចធ្វើបណ្ណសមាជិក ប.ស.ស បាន គ្រាន់តែចំណាយថវិកាជាង១ម៉ឺនរៀលប៉ុណ្ណោះ ក្នុងមួយខែ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋដែលរក​ចំណូលផ្ទាល់ខ្លួនបានអាចធ្វើសមាជិកបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)បានដោយគ្រាន់តែចំណាយបង់វិភាគទាន ១៥ ៦០០ រៀល ក្នុងខែប៉ុណ្ណោះ។ នេះគឺជាការគូសបញ្ជាក់​របស់​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈ​បណ្តាញ​ទំនាក់ទំនងបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

    ឯកឧត្តម អ៊ិត សំហេង បានថ្លែងយ៉ាងដូច្នេះថា៖ «អស់បារម្ភ សម្រាប់បងប្អូន​អាជីវករ អ្នករត់ម៉ូតូឌុប រត់កង់បី និងបងប្អូនអ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទ ក៏អាចមក​ស្នើ​សុំ​ធ្វើប័ណ្ណ ប.ស.ស. បានដែរ តាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត»។ ឯកឧត្តមរដ្ឋ​មន្រ្ដី​បានលើកឡើងថា ដើម្បីទទួលបណ្ណសមាជិក ប.ស.ស. បងប្អូនទាំងអស់ត្រូវអនុវត្តន៍​តាម​លក្ខខណ្ឌដូចខាងក្រោម៖ មានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងប្រា ក់ឈ្នួល។ ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក ហើយ​ត្រូវ​មាន​អាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស.។

    ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានណែនាំឱ្យសាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើបណ្ណ ប.ស.ស. ដោយ​ផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពល​ភាព)។ ទន្ទឹមនេះ សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកទីស្នាក់ការ ប.ស.ស. ដែលនៅ​ជិត​​លោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បណ្ដាញសង្គមរបស់យើង។

    យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹង​ថា គិតមកដល់បច្ចុប្បន្ន ​ក្រសួងការងារបាន​ចុះបញ្ជីកម្មករ និយោជិតក្រៅប្រព័ន្ធសរុប ៩២៦ សហគ្រាស គ្រឹះស្ថានមានសមាជិកសរុប ៩៨ ៩១៩ នាក់ ក្នុងនោះមាន ក្រុមប្រឹក្សា​ឃុំ សង្កាត់ និងមន្ត្រីភូមិ ចំនួន ៥៦ ៤៥២ នាក់ ។ ទន្ទឹមនេះ ក្រសួងការងារក៏​បានបើកផ្តល់​ថវិកា​ដល់កម្មការិនីសម្រាលកូនចំនួន ៣៥៩ ៩២៤ នាក់(ចំនួនកូន ៣៦២ ៣៨៩ នាក់) ប្រាក់​ឧត្ថម្ភសរុប ១១៤ពាន់ ៩៥៥លាន ៦សែនរៀល៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: