កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទស្វាយចន្ទីពិភពលោក នៅដើមឆ្នាំ២០២៤
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្វាយចន្ទីកម្ពុជា នឹងត្រៀមរៀបចំសន្និសីទស្វាយចន្ទីពិភពលោកឆ្នាំ ២០២៤ រយៈពេលបីថ្ងៃនៅលើទឹកដីអង្គរខេត្តសៀមរាប នៅដើមឆ្នាំ២០២៤ ដើម្បីបង្កើតជំនួបអ្នកធ្វើការ និងរកស៊ីពាក់ព័ន្ធនឹងវិស័យស្វាយចន្ទីទាំងជាតិ និងអន្តរជាតិ បានស្វែងយល់ពីសក្តានុពលវិស័យស្វាយចន្ទី និងការដុះដាំនេះនៅកម្ពុជា ព្រមទាំងជំរុញនិងទាក់ទាញវិនិយោគិន ដែលមានបំណងវិនិយោគ លើការកែច្នៃស្វាយចន្ទី។
លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា សន្និសីទនេះ នឹងមានអ្នកចូលរួមប្រមាណជាង ៥០០នាក់មកពី៤០ប្រទេស នៅលើពិភពលោក ដែលសុទ្ធសឹងជាអ្នកធ្វើការ និងរកស៊ីក្នុងវិស័យស្វាយចន្ទី ដូចជាអ្នកកែច្នៃ អ្នកដាំដុះ អ្នកនាំចេញ និងអ្នកលក់ឧបករណ៍កែច្នៃ និងវេចខ្ចប់ស្វាយចន្ទីជាដើម។
លោកបន្តថា បច្ចុប្បន្ននេះសហព័ន្ធស្វាយចន្ទីកម្ពុជា រួមជាមួយក្រសួងពាណិជ្ជកម្ម នឹងសហការជាមួយប្រតិភូសន្និសីទស្វាយចន្ទីលើពិភពលោក ដើម្បីរៀបចំសន្និសីទនេះ ឱ្យកាន់តែកាន់តែរលូន។
លោកលើកទឹកដល់អ្នកកែច្នៃ សហគមន៍ កសិករដាំស្វាយចន្ទី និងអ្នករកស៊ីក្នុងវិស័យស្វាយចន្ទីនៅកម្ពុជាទាំងអស់ ចូលរួមសន្និសីទនេះឱ្យបានច្រើន ហើយសហព័ន្ធស្វាយចន្ទី នឹងអញ្ជើញស្ថាប័នអន្តរជាតិមួយចំនួនឱ្យមកចូលរួមជាពិសេសគឺប្រទេសដែលទិញស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក ដូចជាអាមេរិក អឺរ៉ុប ចិន ជប៉ុន កូរ៉េ អូស្រ្តាលី និងប្រទេសមកពី Middle East ក៏ដូចជាវៀតណាម ដែលជាប្រទេសកែច្នៃស្វាយចន្ទីនាំចេញច្រើនផងដែរ។
តាមរយៈការរៀបចំសន្នសីទស្វាយចន្ទីពិភពលោក ជាលើកដំបូងនៅកម្ពុជា លោករំពឹងថា កម្ពុជានឹងទទួលបានអ្នកទទួលទិញផលិតផលស្វាយចន្ទីសម្រេចបន្ថែមទៀត មកពីប្រទេសធំទាំងនោះ។
លោកបន្ថែមថា នេះ គឺជាឱកាសដ៏ល្អក្នុងការកៀគរ បាននូវអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទី ខណៈរដ្ឋាភិបាលបានបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យនេះ បន្ទាប់ពីវិស័យស្រូវអង្ករ តាមរយៈការដាក់ចេញនូវគោលនយោបាយស្វាយចន្ទី និងច្បាប់វិនិយោគថ្មី ដើម្បីជំរុញឱ្យវិស័យស្វាយចន្ទីកាន់តែរីកចម្រើន បង្កើនការនាំចេញផលិតផលកែច្នៃ ដែលជំរុញឱ្យការកែច្នៃនៅកម្ពុជាកើនឡើង និងមាននិរន្តភាព។
លោកបានឱ្យដឹងទៀតថា ក្នុងសន្និសីទនេះក៏ជាការបង្កើតឱកាសសម្រាប់ សហគមន៍ និងកសិករ ដែលដាំដុះស្វាយចន្ទីទាំងអស់ បានជួបទំនាក់ទំនងជាមួយអ្នកដាំដុះដូចគ្នា អ្នកទិញ អ្នកកែច្នៃ ដែលនាំឱ្យផលិតផលរបស់ពួកគាត់កាន់តែមានទីផ្សារផងដែរ។
លោកបានគូសបញ្ជាក់ផងដែរថា «រាជរដ្ឋាភិបាលចង់ឱ្យកម្ពុជា ជាអធិរាជនាំចេញស្វាយចន្ទី គឺជាកត្តាដែលសំខាន់បំផុត ដែលយើងបង្កើត និងរៀបចំសន្និសីទស្វាយចន្ទីនេះ ព្រោះអីនៅពេលដែលយើងមានគោលនយោបាយ មានច្បាប់ ដែលធ្វើឱ្យអ្នកវិនិយោគបរទេសគាត់អាចចូល ឬបូកជាមួយអ្នកវិនិយោគក្នុងស្រុក គាត់អាចកែច្នៃស្វាយចន្ទីបានចំណេញ អាចប្រកួតប្រជែងជាមួយប្រទេសជិតខាង មានទីផ្សារពិតប្រាកដ ដូច្នេះកន្លែងហ្នឹងហើយ នឹងអាចជួយឱ្យកម្ពុជាមិនត្រឹមតែដាំដុះគ្រាប់ស្វាយចន្ទី ដែលមិនទាន់កែច្នៃច្រើនជាងគេនៅលើពិភពលោក ហើយគុណភាពល្អជាងគេ នៅលើពិភពលោកទេ ថែមទាំងនឹងក្លាយជាប្រទេសមួយ ដែលកែច្នៃនាំចេញជាពិសេសស្វាយចន្ទី ដែលមានគុណភាពល្អជាងគេ ដើម្បីនាំចេញទៅទីផ្សារពិភពលោក»។
លោកបន្តថា «បើតាមគោលនយោបាយជាតិ ស្តីពីស្វាយចន្ទីបានកំណត់ថា កម្ពុជានឹងកែច្នៃស្វាយចន្ទីឱ្យបាន ២៥%នៅឆ្នាំ២០២៧ និង៥០%នៅឆ្នាំ២០៣២ ។ ខ្ញុំគិតថា បើសិនជាបន្ទាប់ពីសន្និសីទនេះយើងអាចទទួលបានការវិនិយោគធំឱ្យបានប្រមាណ២០ទៅ៣០ក្រុមហ៊ុន ដែលមានលក្ខណៈស្តង់ដារ ខ្ញុំគិតថា យើងនឹងសម្រេចបានតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះ»។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh Nesws ដែរថា ការរៀបចំសន្និសីទស្វាយចន្ទីជាលើកដំបូងនៅកម្ពុជានេះ បង្ហាញថាកម្ពុជាពិតជាមានសក្តានុពល និងជាប្រទេសមួយក្នុងចំណោមប្រទេស ដែលខ្លាំងលើការផលិតស្វាយចន្ទី ដែលវិនិយោគិនទាំងឡាយមិនគួរមើលរំលង។
លោកមានប្រសាសន៍ថា «យើងសង្ឃឹមថា មុតមាំថាសន្និសីទនេះ នឹងអាចជួយទាក់ទាញវិនិយោគិនឱ្យបានកាន់តែច្រើនផ្តោតលើការកែច្នៃ នៅប្រទេសកម្ពុជា ក៏ដូចជាបង្ហាញអំពីសក្តានុពលទេសចរណ៍របស់កម្ពុជា ទៅកាន់ពិភពលោកផងដែរ ហើយឱកាសនោះយើងនឹងជូនសមាជិកសមាជិកានៃអង្គសន្និសីទ ទៅមើលសមុទ្រចន្ទីនៅក្នុងបណ្តាខេត្តចំនួន៣ អាចជាខេត្តកំពង់ធំ សៀមរាប កំពងចាម ឬក្រចេះ។ យើងនឹងជូនគាត់ទៅមើលថាតើសមុទ្រចន្ទី ឬវិសាលភាពចន្ទីរបស់កម្ពុជាមានប៉ុណ្ណា?»។
បើតាមសហព័ន្ធស្វាយចន្ទីកម្ពុជា ក្នុងសន្និសីទស្វាយចន្ទី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តសៀមរាប នឹងមានការដាក់តាំងបង្ហាញនូវផលិតផលស្វាយចន្ទីកម្ពុជា ឧបករណ៍កែច្នៃផងដែរ ៕ ផ្តល់សិទ្ធិដោយ៖ freshnews







