Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័តប្រាក់កម្ចី១០០លានដុល្លារ ដើម្បីជួយលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា

    BY Khmerpress August 1, 2023
    ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័តប្រាក់កម្ចី១០០លានដុល្លារ ដើម្បីជួយលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា

    (ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន១០០លានដុល្លារ ដើម្បីជួយលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា ដោយដោះស្រាយគម្លាត និងកង្វះខាតជំនាញ។ ការងារនេះ នឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការវិនិយោគលើវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមជាមួយនឹងការចូលរួមពីវិស័យឯកជន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។

    កម្មវិធីរងទីមួយ នៃកម្មវិធីអភិវឌ្ឍន៍វិស័យជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត នឹងជួយប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចឧស្សាហកម្មដែលផ្អែកលើចំណេះដឹង និងជំរុញដោយបច្ចេកវិជ្ជា តាមរយៈការពង្រឹង ធនធានមនុស្ស ដោយផ្តោតលើការលើកកម្ពស់បរិយាកាសអភិវឌ្ឍន៍ជំនាញរបស់ប្រទេស ផ្តល់ការបណ្តុះបណ្តាលប្រកបដោយបរិយាបន្នដែលនាំមុខដោយឧស្សាហកម្ម និងកៀរគរមូលនិធិបន្ថែមសម្រាប់ ការអភិវឌ្ឍជំនាញដែលផ្តោតលើតម្រូវការ។

    នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma បានថ្លែងថា «ការកែទម្រង់កម្លាំងពលកម្ម និងការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា ទាមទារឲ្យមានកំណែទម្រង់ជាបន្តនៃប្រព័ន្ធ TVET តាមរយៈយុទ្ធសាស្ត្រស៊ីជម្រៅ និងការវិនិយោគជាបន្តបន្ទាប់ ឲ្យទាន់ពេលវេលា ។ កំណែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័នTVETទាំងនេះ មានសារសំខាន់សម្រាប់ការរៀបចំកម្មវិធីបណ្តុះបណ្តាលដែល ឆ្លើយតបនឹងតម្រូវការទីផ្សារ ធ្វើឲ្យប្រសើរឡើងនូវទីតាំងនិងឧបករណ៍បណ្តុះបណ្តាល និងពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)»

    មូលនិធិអភិវឌ្ឍន៍ជំនាញ ត្រូវបានសាកល្បងដោយរាជរដ្ឋាភិបាល ក្រោមគម្រោងជំនាញសម្រាប់ភាពប្រកួតឈ្នះ ផ្តល់ហិរញ្ញប្បទានដោយ ADB ដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០១៩ ដើម្បីបង្កើនជំនាញ និងសមត្ថភាពប្រកួតប្រជែងនៃកម្លាំងពលកម្មដែលកំពុងកើនឡើងរបស់កម្ពុជា។ ការដាក់សាកល្បង SDF នេះ បាននឹងកំពុងឆ្លើយតបទៅនឹងតម្រូវការបណ្ដុះបណ្ដាលជំនាញសម្រាប់វិស័យឧស្សាហកម្ម តាមរយៈ ភាពជាដៃគូសហហិរញ្ញប្បទានជាមួយស្ថាប័នរាជរដ្ឋាភិបាល ផ្នែកឧស្សាហកម្ម ភ្នាកងារផ្តល់ការបណ្តុះ បណ្តាល និងដៃគូអភិវឌ្ឍន៍នានា។

    បញ្ហាប្រឈមសំខាន់ៗចំនួនបី រួមចំណែកជាឧបសគ្គទូទៅ ដែលកំពុងជាបញ្ហាប្រឈមសម្រាប់ប្រព័ន្ធ TVET កម្ពុជាគឺ កង្វះកម្មវិធីអភិវឌ្ឍន៍ជំនាញជាក់លាក់និងស៊ីជម្រៅសម្រាប់បដិវត្តន៍ឧស្សាហកម្ម ទីបួន, ភាពមានកម្រិតនៃតួនាទីរបស់វិស័យឯកជនក្នុងការអភិវឌ្ឍជំនាញ និងនៃចក្ខុវិស័យអន្តរកម្មរបស់ឧស្សាហកម្មនានា, និងការផ្តល់ហិរញ្ញប្បទាន និងភាពជាដៃគូមិនទាន់បានពេញលេញ ក្នុងការអភិវឌ្ឍ ជំនាញ។ ការរួមគ្នានៃបញ្ហាប្រឈមទាំងនេះ កំណត់ភាពអាចទទួលបានការងារធ្វើនិងផលិតភាពនៃ កម្លាំងពលកម្មបច្ចុប្បន្ននិងអនាគត ហើយអាចរារាំងប្រទេសកម្ពុជាក្នុងដំណាក់កាលក្រោយជំងឺរាតត្បាត ពីការធ្វើពិពិធកម្ម និង អន្តរកម្មទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។ កម្មវិធីជំនាញសម្រាប់សេដ្ឋកិច្ចនាពេល អនាគតនឹងជួយដោះស្រាយបញ្ហាប្រឈមទាំងនេះ។

    មានអ្នកធ្វើការប្រមាណ ៩លាននាក់ក្នុងទីផ្សារការងារនៅកម្ពុជា ដែលក្នុងនោះមានស្ត្រី ៤៩% នៃកម្លាំងពលកម្មទាំងនោះ។ គិតត្រឹមឆ្នាំ ២០២១ ប្រជាពលរដ្ឋកម្ពុជា៥៤%មានអាយុក្រោម ៣0 ឆ្នាំដែល នេះបង្ហាញពីឱកាសពិសេសមួយសម្រាប់ប្រទេសក្នុងការបង្កើនការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើនជំនាញសម្រាប់និយោជិតថ្មីចូលទៅក្នុងទីផ្សារការងារ និងលើកកម្ពស់ជំនាញរបស់និយោជិត ដែលកំពុងបំពេញការងារទៅតាមតម្រូវការឧស្សាហកម្មផងដែរ។

    កម្មវិធីនេះគឺជាធាតុផ្សំដ៏សំខាន់នៃការគាំទ្ររបស់ ADB សម្រាប់រាជរដ្ឋាភិបាលក្នុងការពង្រឹងធនធានមនុស្ស និងអភិវឌ្ឍវិស័យឯកជន និងទីផ្សារការងារ។ វាក៏អនុលោមតាមផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមរបស់រាជរដ្ឋាភិបាលក៏ដូចជាយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់ប្រទេសកម្ពុជា ឆ្នាំ ២០១៩-២០២៣៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: