Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា នឹងមានយន្តហោះ ហោះលើទឹកចំនួន២គ្រឿងជាលើកដំបូងនៅចុងឆ្នាំ២០២៣នេះ

    BY Khmerpress August 2, 2023
    កម្ពុជា នឹងមានយន្តហោះ ហោះលើទឹកចំនួន២គ្រឿងជាលើកដំបូងនៅចុងឆ្នាំ២០២៣នេះ

    រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Samra Seaplane គ្រោងនាំចូលប្រភេទយន្តហោះ ហោះលើទឹកចំនួន ២គ្រឿងនៅចុងឆ្នាំ២០២៣នេះ នឹងសាកល្បងហោះហើរសម្រាប់គោលដៅខេត្តសៀមរាប-ព្រះសីហនុ និងភ្នំពេញ-ព្រះសីហនុ ហើយចុះចតទៅដល់គោលដៅរមណីយដ្ឋានប្រណិត សំខាន់ៗមួយចំនួន។

    កាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំក្រុមការងារជួបសម្តែងការគួរសម ជាមួយលោក Dennis Keller នាយប្រតិបត្តិក្រុមហ៊ុន Samra Seaplane ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Royal Group និងប្រតិភូចំនួន ៣រូប ដើម្បីពិភាក្សាលើគម្រោងសេវាដឹក ជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះហោះលើទឹក ដែលនឹងផ្តល់ភាពងាយស្រួល និងឆាប់ រហ័ស សម្រាប់ការធ្វើដំណើររបស់ទេសចរទៅកាន់គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗ នៅកម្ពុជា ជាពិសេសតំបន់សមុទ្រ។

    យោងតាមក្រសួងទេសចរណ៍បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការជាមួយ រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ដើម្បីធ្វើការចុះបញ្ជីហោះហើរជាផ្លូវការ និងសិក្សាពី លក្ខណៈបច្ចេកទេស និងបទដ្ឋានច្បាប់ពាក់ព័ន្ធលើការហោះហើរបន្ថែម ។ បន្ថែមពីនេះ ក្រុមហ៊ុនគ្រោងនាំចូលប្រភេទយន្តហោះហោះលើទឹកចំនួន ២គ្រឿង នៅចុងឆ្នាំ២០២៣នេះ ដោយនឹងសាកល្បងហោះហើរសម្រាប់គោលដៅខេត្តសៀមរាប-ព្រះសីហនុ និងភ្នំពេញ-ព្រះសីហនុ ហើយចុះចតទៅដល់គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗដូចជា៖ កោះសង្សា កោះក្របី សណ្ឋាគារ Royal Sand។ល។

    ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរ បានមានប្រសាសន៍ថា ការបណ្ដាក់ទុនវិនិយោគរបស់ក្រុមហ៊ុន Samra Seaplane លើសេវា កម្មហោះហើរតាមរយៈយន្តហោះហោះលើទឹកលើកដំបូងនៅកម្ពុជានេះ នឹងចូលរួមចំណែក បន្ថែមទៀតដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ១៩ ផ្តល់ភាពងាយ ស្រួលផាសុកភាពកាត់បន្ថយពេលវេលា និងផ្ដល់បទពិសោធន៍ថ្មីដល់អ្នកទេសចរនៅកម្ពុជា។

    ឯកឧត្តមបានបន្ថែមថា ឯកឧត្តមនឹងស្នើសុំការគាំទ្រជាផ្លូវការពីឯកឧត្តមរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែផុលផុសបន្ថែមទៀត និងសំណូមពរ ឱ្យក្រុមហ៊ុនគិតគូរពីការហោះហើរទៅកាន់ខេត្តគោលដៅផ្សេងទៀត ដូចជាខេត្តមណ្ឌលគិរី និងតំបន់មេគង្គលើ ដែលមានដៅសកម្មភាពនេះក្នុងផែនការមេ អភិវឌ្ឍន៍ទេសចរណ៍រួចជាស្រេច៕ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

    Share This Post: