ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីឆក់ទូរស័ព្ទដៃ មិនបានសម្រេច
(ពោធិ៍សាត់)៖ កាលពីថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣ ជនមិនស្គាល់មុខចំនួន២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាក Dream C125 គ្មានស្លាកលេខ គ្មានអាវ (ម៉ូតូឆ្អឹង) បានឆក់ទូរស័ព្ទដៃ១គ្រឿង មិនបានសម្រេចពីស្រី្តឈ្មោះ ឡាប សុភី អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្តៀង។
របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកណ្ដៀង បានឲ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍, សមត្ថកិច្ចបានចុះសហការដល់កន្លែងកើតហេតុ និងបានទទួលព័ត៌មានបន្ថែមទៀតថា ក្រោយពីក្រុមជនសង្ស័យ សកម្មភាពឆក់ មិនបានសម្រេចរួចមក ម៉ូតូក្រុមជនស្ស័យអស់សាំង ហើយបានចូលចាក់សាំងនៅតូបលក់ដូរមួយកន្លែងស្ថិតនៅខាងកើតកន្លែងកើតហេតុ ហើយក្រុមជនសង្ស័យគ្មានលុយចាក់សាំង ក៏បានដាក់មួក សុវត្ថិភាពបញ្ចាំជាមួយអ្នកលក់ដូរនៅទីនោះ។
ខណៈនោះសមត្ថកិច្ចបានដាក់ភ្នាក់ងារដើម្បីជួយឃ្លាំពិនិត្យមើល ក្រោយមកក៏មានក្រុមជនសង្ស័យចំនួន០២នាក់ជិះម៉ូតូ០១គ្រឿងមកយកមួកសុវត្ថិភាពពីម្ចាស់តូប ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនមកសាកសួរ ជនសង្ស័យទាំង០២នាក់ រួមមាន៖
*ទី១៖ ឈ្មោះ វី សំណាង អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
*ទី២៖ ឈ្មោះ ងួន លីហុង(ឡាង លីហុង) អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ រស់នៅភូមិពោរកំបោរ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ជនសង្ស័យបានតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+) មានសារធាតុញៀនក្នុងទឹកនោម ប្រើប្រាស់ដោយបំពាននូវសារធាតុញៀនខុសច្បាប់។ ចំពោះវត្ថុតាងរួមមាន៖ មួកសុវត្ថិភាពចំនួន០២ ក្នុងនោះពណ៌ខ្មៅចំនួន០១នឹងពណ៌សចំនួន០១។ ម៉ូតូចំនួន០១គ្រឿងម៉ាកDream C125 សេរី2020 ពណ៌ខ្មៅ ពាក់ស្លាកលេខប-មានជ័យ1V-4659។ ទូរស័ព្ទដៃ០១គ្រឿង ម៉ាកiPhon7ពណ៌ស។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តៀង បំពេញបែបបទតាមនីតិវិធី៕ ផ្តល់សិទ្ធិដោយ៖ freshnews

