Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ កាលពីសម័យមុន បើអ្នកណាក្ដាប់ព័ត៌មាន គឺអ្នកនោះក្ដាប់អំណាច តែសម័យនេះ អ្នកណាបែងចែកព័ត៌មានលឿន រហ័ស អ្នកនោះក្ដាប់អំណាច

    BY Khmerpress August 10, 2023
    រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ កាលពីសម័យមុន បើអ្នកណាក្ដាប់ព័ត៌មាន គឺអ្នកនោះក្ដាប់អំណាច តែសម័យនេះ អ្នកណាបែងចែកព័ត៌មានលឿន រហ័ស អ្នកនោះក្ដាប់អំណាច

    (ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា កាលពីសម័យមុនបើអ្នកណាក្ដាប់ព័ត៌មាន គឺអ្នកនោះក្ដាប់អំណាច តែសម័យនេះ អ្នកណាបែងចែកព័ត៌មានបានលឿន រហ័ស អ្នកនោះក្ដាប់អំណាច។ ការគូសបញ្ជាក់របស់លោករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសំណេះសំណាល ថ្លែងអំណរគុណ និងបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ មន្រ្ដីរាជការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅក្រសួងព័ត៌មាន។

    លោក ខៀវ កាញារីទ្ធ បានថ្លែងថា កាលពីសម័យមុន អ្នកដែលក្ដាប់ព័ត៌មាន គឺអាចបញ្ជាបាន និងធ្វើអ្វីបាន តែសម័យនេះ គឺព័ត៌មានច្រើនហួស ដែលការបែងចែកព័ត៌មាននេះ នឹងធ្វើឱ្យទាំងអស់គ្នាក្ដាប់បាន ហើយធ្វើការដោយសាមគ្គីភាពគ្នា ស្រុះស្រួលគ្នាបាន។ លោករដ្ឋមន្រ្ដីបានលើកឡើងថា ក្នុងពេលបច្ចុប្បន្ននេះ មន្រ្ដីក្រសួងព័ត៌មាន នៅខ្វះខាតលើបញ្ហាការបែងចែកចំណេះដឹង ការចែករំលែកពីគ្នាទៅវិញទៅមកលើព័ត៌មាន ជាពិសេសគឺការខ្វះទំនាក់ទំនងផ្ទៃក្នុង។

    លោកបានបន្ដថា នៅក្រសួងព័ត៌មាន សំខាន់គឺផ្ទៃក្នុងរបស់យើង ការចែករំលែកបទពិសោធន៍ ដែលយើងនៅរំលងគ្នា នៅមានប្រកាន់បក្សពួក ឬនៅមានគ្រួសារ។

    លោករដ្ឋមន្រ្ដីអះអាងថា បច្ចុប្បន្ននេះ បើគ្រប់ផ្នែកទាំងអស់ចេះបែងចែកការងារគ្នា គឺធ្វើបានល្អ តែបើមិនចេះបែងចែកគ្នាទេ គឺមិនអាចក្ដាប់បានព័ត៌មាននោះទេ ពីព្រោះ ព័ត៌មានគឺមានច្រើនណាស់។ ទន្ទឹមនេះ ផ្នែកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះ គឺរត់លឿនណាស់ ដែលទាមទារនៅពេលនេះ គឺការប្រយុទ្ធលើសង្គ្រាមព័ត៌មាននេះ គឺសំខាន់ណាស់ទាំងការបែងចែកបទពិសោធន៍ និងការបែងចែកព័ត៌មាន។

    លោក ខៀវ កាញារីទ្ធ ក៏បានណែនាំដល់គ្រប់អគ្គនាយកដ្ឋាន មន្ទីរព័ត៌មានគ្រប់រាជធានី ខេត្ដ ទាំងអស់ ត្រូវចេះរួមសហការសាមគ្គីគ្នា ដែលចំណុចសំខាន់ទី១ ការរាប់អានគ្នាជាបងប្អូន ទី២ ការប្រជុំឱ្យបានទៀងទាត់តាមអគ្គនាយកដ្ឋាននីមួយៗ ហើយក្រសួងក៏ត្រូវរៀបចំការប្រជុំជាមួយអគ្គនាយកទាំងអស់ឱ្យបានទៀងទាត់។ លោកបានចាត់ទុកថា ការរៀបចំប្រជុំនេះ គឺមានសារៈសំខាន់ពីព្រោះ បើកាលណាយើងរៀបចំប្រជុំ គឺយើងអាចជជែកការងារជាមួយគ្នា ពីព្រោះការងារព័ត៌មានគ្មាននរណាម្នាក់អាចធ្វើការងារតែម្នាក់ឯងបាននោះទេ។

    លោករដ្ឋមន្រ្ដីក៏បានជំរុញដល់គ្រប់ផ្នែក ត្រូវចងចាំថា ងារងារព័ត៌មាននេះ គឺស្ថិតនៅក្នុងគ្រួសារតែមួយ ហើយចាត់ទុកថា វាមានសារៈសំខាន់ក្នុងការសហការគ្នា សាមគ្គីភាពគ្នាក្នុងការផ្សព្វផ្សាយព័ត៌មាន ដើម្បីទទួលបានការគាំទ្រ និងទទួលជោគជ័យ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: