រដ្ឋបាលរាជធានីភ្នំពេញ ទុកពេល ៣០ថ្ងៃ ឲ្យម្ចាស់អាជីវកម្មបញ្ចាំ ទៅសុំច្បាប់បន្តសុពលភាព
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសទុកពេល ៣០ថ្ងៃ ដើម្បីឲ្យម្ចាស់អាជីវកម្មបញ្ចាំ ទៅសុំច្បាប់បន្តសុពលភាពធ្វើអាជីវកម្ម។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។
បើតាមសេចក្តីជូនដំណឹនេះ កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយនិយ័តករ អាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទួលគោក ចុះពិនិត្យ ទីតាំងអាជីវកម្មបញ្ចាំ នៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ឃើញថា ទីតាំងអាជីវកម្មបញ្ចាំភាគច្រើន មានលិខិតអនុញ្ញាតត្រឹមត្រូវពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ឬក្រសួងសេដ្ធកិច្ច និងហិរញ្ញវត្ថុ ប៉ុន្តទីតាំងខ្លះ លិខិតអនុញ្ញាតទីតាំងអាជីវកម្មផុតសុពលភាព ហើយទីតាំងខ្លះទៀត ពុំមានលិខិតអនុញ្ញាតទីតាំង អាជីវកម្មបញ្ចាំពីរដ្ឋបាលរាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ ក្រុមការងារក៏បានពិនិត្យឃើញថា ទីតាំងអាជីវកម្មមួយចំនួន បានអនុវត្តខុសពីគោលការណ៍ និងលក្ខខណ្ឌផ្សេងៗរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលបញ្ចាំរថយន្ត ម៉ូតូ និងសម្ភារៈមានតម្លៃផ្សេងៗ ដោយមិនមានលិខិតស្នាមច្បាស់លាស់។
ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងកាត់បន្ថយបទល្មើសផ្សេងៗ នៅក្នុងរាជធានីភ្នំពេញ ជាពិសេសអនុវត្តតាមគោលការណ៍ និងលក្ខខណ្ឌផ្សេងៗ របស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹង និងណែនាំដល់ម្ចាស់ទីតាំង អាជីវកម្មបញ្ចាំទាំងអស់ នៅរាជធានីភ្នំពេញ ដែលមានលិខិតអនុញ្ញាតទីតាំងអាជីវកម្មផុតសុពលភាព និងពុំមានលិខិតអនុញ្ញាតទីតាំងអាជីវកម្ម ពីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវមកបំពេញបែបបទស្នើសុំលិខិតអនុញ្ញាត ទីតាំងអាជីវកម្មឱ្យបានរួសរាន់ ក្នុងរយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់បិទទីតាំងអាជីវកម្មដែលផុតសុពលភាព និងពុំមានលិខិតអនុញ្ញាតមិនឱ្យធ្វើអាជីវកម្ម។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា ម្ចាស់ទីតាំងអាជីវកម្មបញ្ចាំទាំងអស់ នៅរាជធានីភ្នំពេញ នឹងចូលរួមសហការ និងអនុវត្តសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕ ផ្តល់សិទ្ធិដោយ៖ freshnews
