ឯកឧត្តម ឌិត ទីណា៖ ក្រសួងនឹងប្រើប្រាស់ឧបករណ៍ដ្រូន សម្រាប់ឈ្លបយកការ ដើម្បីបម្រើក្នុងការបង្ក្រាបបទល្មើសនេសាទ និងបទល្មើសព្រៃឈើ ព្រមទាំងអភិរក្សសត្វផ្សោត
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ក្រសួងនឹងប្រើប្រាស់ឧបករណ៍ប្រភេទដ្រូន (Drone) សម្រាប់ឈ្លបយកការ ដោយមានសមត្ថភាពហោះបានឆ្ងាយៗ ដើម្បីបម្រើក្នុងការបង្ក្រាបបទល្មើសនេសាទ និងបទល្មើសព្រៃឈើ ព្រមទាំងការងារអភិរក្សសត្វផ្សោតនៅខេត្តក្រចេះ និងស្ទឹងត្រែង។
ឯកឧត្តម ឌិត ទីណា ថ្លែងបែបនេះ ក្នុងកិច្ចពិភាក្សាអំពីការផ្លាស់ប្តូរឌីជីថល (Digital Transformation) ជាមួយអគ្គនាយកក្រុមហ៊ុនមិត្តហ្វូន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអរគុណក្រុមហ៊ុនមិត្តហ្វូន ដែលបានជួយដល់សាលាកសិកម្មក្នុងការអភិវធ្ឍធនធានមនុស្ស។ ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនីតិកាលទី៧នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តោតលើកម្មវិធីអភិវឌ្ឍ ជាពិសេសអ្នកជំនាញកសិកម្ម ដើម្បីជួយដល់កសិករនៅមូលដ្ឋានទូទាំងប្រទេស ដែលនេះជាគោលដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់ថា ក្រសួងកំពុងបន្តធ្វើទំនើបកម្មបែបឌីជីថល ដើម្បីបង្កភាពងាយស្រួល រហ័ស ម្ចាស់ការ និងប្រសិទ្ធភាព ក្នុងការផ្ដល់សេវាដល់ប្រជាកសិករ។ ទាក់ទងនឹងការងារនេះ ក្រសួងត្រូវការការសហការពីវិស័យឯកជន ដោយក្នុងនោះសម្រាប់ផ្នែករឹង (Hardware) គឺ «ក្រសួងត្រូវការប្រភេទដ្រូន (Drone) សម្រាប់ឈ្លបយកការ ដោយមានសមត្ថភាពហោះបានឆ្ងាយ ដើម្បីបម្រើក្នុងការបង្ក្រាបបទល្មើសនេសាទ និងបទល្មើសព្រៃឈើ ព្រមទាំងការងារអភិរក្សសត្វផ្សោតនៅខេត្តក្រចេះ និងស្ទឹងត្រែង។ »
រីឯផ្នែកទន់ (Software) គឺ «ការបណ្តុះបណ្តាលធនធានមនុស្ស ដែលក្នុងនោះរួមមានជំនាញកសិកម្ម បច្ចេកវិទ្យាថ្មីៗ ព្រមទាំងភាសាអង់គ្លេស ដើម្បីពង្រឹងគុណភាព និងបង្កើនប្រសិទ្ធភាពការងារ៕» ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ



