Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សារព័ត៌មានល្បីៗរបស់ថៃជាច្រើនស្ថាប័ន ចុះផ្សាយព្រោងព្រាតសារអបអរសាទរ របស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនលោក ថាក់ស៉ីន

    BY Khmerpress September 2, 2023
    សារព័ត៌មានល្បីៗរបស់ថៃជាច្រើនស្ថាប័ន ចុះផ្សាយព្រោងព្រាតសារអបអរសាទរ របស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនលោក ថាក់ស៉ីន

    (ភ្នំពេញ)៖ សារព័ត៌មានល្បីៗរបស់ថៃជាច្រើនស្ថាប័ន បានចុះផ្សាយព្រោងព្រាតនូវសារអបអរសាទររបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានផ្ញើជូនលោក ថាក់ស៉ីន អតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានព្រះមហាក្សត្រថៃ សម្រេចព្រះទ័យបន្ធូរបន្ថយទោស។

    តាមរយៈការចុះផ្សាយជាបន្ដបន្ទាប់នូវសាររបស់សម្ដេចតេជោ ហ៊ុន សែន របស់សារព័ត៌មានថៃនៅពេលនេះ បង្ហាញអំពីការចាប់អារម្មណ៍ខ្ពស់រវាងទំនាក់ទំនង ក្នុងនាមជាបងប្អូនធម៌របស់សម្ដេចតេជោ ហ៊ុន សែន ជាមួយលោក ថាក់ស៉ីន ហើយក៏កាន់តែបង្ហាញឲ្យឃើញទៀតថា សាធារណៈមតិរបស់ថៃ ពិតជាទទួលស្គាល់នូវទំនាក់ទំនងដ៏ស្អិតរមួតរវាងអតីតនាយករដ្ឋមន្ដ្រីថៃ និងអតីតនាយករដ្ឋមន្ដ្រីរបស់កម្ពុជា។

    ក្រៅពីគូសរំលេចនូវខ្លឹមសារជូនពររបស់សម្ដេចតេជោ ហ៊ុន សែន ជាភាសាថៃហើយនោះ សារព័ត៌មានទាំងអស់សុទ្ធតែបានភ្ជាប់ជាមួយរូបភាពសម្ដេចតេជោ ហ៊ុន សែន និងលោក ថាក់ស៉ីន ដែលបានថតជាមួយគ្នានៅក្នុងភូមិគ្រឹះរបស់សម្ដេចតេជោ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល គ្រាដែលលោកថាក់ស៉ីន អញ្ជើញមកកាលពីពេលកន្លងទៅថ្មីៗនេះ ពោលនៅចំថ្ងៃខួបកំណើតរបស់សម្ដេច ហើយមុនពេលលោកថាក់ស៉ីន វិលត្រឡប់ចូលប្រទេសថៃវិញ។

    សូមជម្រាបថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញក្តីសោមនស្សរីករាយ និងសាទរក្រៃលែង ជូនចំពោះលោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានព្រះមហាក្សត្រថៃ សម្រេចព្រះទ័យបន្ធូរបន្ថយទោស។

    សម្តេចតេជោ បានសរសេរលើតេឡេក្រាមយ៉ាងដូច្នេះ «ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាង​ក្រៃលែង​ចំពោះ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបាន ព្រះមហាក្សត្រថៃ សម្រេចព្រះទ័យ​​បន្ធូរបន្ថយទោសពីជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ មកនៅត្រឹមតែ១ឆ្នាំវិញ។ សូមជូនពរឱ្យបងប្រុសជួបប្រទះតែភ័ព្វសំណាងល្អ ជានិច្ចនិរន្តរតរៀងទៅ»។ សារអបអរសាទរក៏បានរំលេចជាភាសាអង់គ្លេសផងដែរ «I would like to extend my sincere congratulations to His Excellency Thaksin Shinawatra, who was pardoned by the Thai king, reducing eight-year prison sentence to just one year. I wish my brother continued good luck».

    យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បានឱ្យដឹងថា នៅថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ ព្រះមហាក្សត្រថៃ ព្រះបាទ មហាវិច្ឆិរ៉ា ឡុងកន បានសម្រេចព្រះទ័យ​បន្ធូរបន្ថយទោសអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ពីការជាប់ពន្ធនាគារ ៨ឆ្នាំ មកនៅត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ។

    ការព្រះរាជទានបន្ធូរបន្ថយទោសកើតមានឡើង បន្ទាប់ពីអតីតមេដឹកនាំថៃវ័យ៧៤ឆ្នាំរូបនេះ បានដាក់សំណើជាផ្លូវការ ដើម្បីស្នើសុំ​ការលើកលែងទោសពីព្រះមហាក្សត្រ កាលពីថ្ងៃព្រហស្បតិ៍​។ ក្នុងសេចក្តីថ្លែងការណ៍នោះ បានគូសបញ្ជាក់ថា លោកអតីតនាយករដ្ឋមន្ត្រីថៃ បាន​ទទួលយកបទឧក្រិដ្ឋរបស់លោក ហើយរូបលោកបានបង្ហាញ ការសោកស្តាយជាខ្លាំង។ សេចក្តីថ្លែងការណ៍ដដែល ក៏បាន​លើកឡើងថា លោក ថាក់ស៉ីន កំពុងឈឺថ្កាត់ផងដែរ។

    លោក ថាក់ស៉ីន ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ សម្រាប់បទល្មើស​រំលោភ​អំណាច និងទំនាស់ផលប្រយោជន៍ បន្ទាប់ពីរូបលោកបានវិលត្រឡប់មកកាន់ប្រទេសថៃវិញ កាលពីសប្តាហ៍មុន ក្រោយការរស់នៅនិរទេសខ្លួន អស់រយៈពេល១៥ឆ្នាំ។ លោក ថាក់ស៉ីន ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីថៃ កាលពីចន្លោះឆ្នាំ២០០១-២០០៦។

    លោក ថាក់ស៊ីន បានវិលត្រឡប់ចូលប្រទេសកំណើតខ្លួនវិញ កាលពីថ្ងៃទី២២ ខែសីហា និងជួបជុំគ្រួសារបានមួយរយៈពេលខ្លី ក៏​ត្រូវបានប៉ូលិសនាំខ្លួនទៅកាន់តុលាការ ហើយត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារតែម្តង។ មុនការវិលត្រឡប់ទៅកាន់ប្រទេសវិញ នៅថ្ងៃទី៥ ខែសីហា លោក ថាក់ស៊ីន និងប្អូនស្រី គឺលោកស្រី យីងឡាក់ បានហោះមកចូលរួមអបអរសាទរខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

    សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន បានរាប់អានគ្នាជាបងប្អូនធម៌ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ តាំងពីឆ្នាំ១៩៩២ ពោលមុនលោក ថាក់ស៊ីន ក្លាយជានាយករដ្ឋមន្ត្រីថៃទៅទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

    https://www.matichon.co.th/foreign/news_4158893
    https://www.khaosod.co.th/politics/news_7845309
    https://today.line.me/th/v2/article/JPoovoK
    https://tnews.teenee.com/politic/173087.html
    https://www.thaich8.com/news_detail/129072/
    https://headtopics.com/th/362636173648360221130-43375315
    https://ch3plus.com/news/socialnews/ch3onlinenews/364386
    https://headtopics.com/th/362636173648360221130-43375315

    Share This Post: