Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អង្គការ​ ILO អះអាងថា កម្ពុជាមានអត្រានៃអ្នកមានការងារធ្វើ ៩៩.៥%

    BY Khmerpress September 2, 2023
    អង្គការ​ ILO អះអាងថា កម្ពុជាមានអត្រានៃអ្នកមានការងារធ្វើ ៩៩.៥%

    (ភ្នំពេញ)៖ អង្គការអន្តរជាតិខាងការងារ ILO បានបង្ហាញរបាយការណ៍ផ្លូវការបស់ខ្លួនថា កម្ពុជាជាប្រទេសដែលមានអត្រាអត់ការងារធ្វើតិចបំផុតត្រឹម ០.៥% ប៉ុណ្ណោះ ដែលមានន័យថា អ្នកមានការងារធ្វើមានរហូតដលើ ៩៩.៥% ដែលឈរនៅលំដាប់ទី២ បន្ទាប់ពីប្រទេសកាតា (០.១%) ដែលមានអត្រាអ្នកអត់ការងារទាបជាងគេក្នុងចំណោម១៨៥ប្រទេស។

    ការបកស្រាយនេះធ្វើឡើងបន្ទាប់ពីសាធារណជនមួយចំនួនតូច ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានផ្សព្វផ្សាយតគ្នាៗក្នុងន័យអវិជ្ជមាន ហើយធ្វើឱ្យមានការយល់ច្រឡំកាន់តែធំចំពោះរបាយការណ៍របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតជិត២ម៉ឺននាក់នៅតំបន់ព្រៃស្ពឺ កាលពីថ្ងៃទី២៩ ខែសីហា ក្រោមអធិបតីភាពឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    តាមរយៈរបាយការណ៍ដែលអង្គការអន្តរជាតិខាងការងារ (ILO) បានរកឃើញធ្វើឡើងនៅក្នុងឆ្នាំ២០១៩ អង្គការអន្តរជាតិខាងការងារ (ILO) ក៏បានបញ្ជាក់ថា ប្រទេសដែលមានអត្រាការងារធ្វើខ្ពស់ផ្សេងៗទៀត រួមមាន៖ កាតា ម៉ុលដូវ៉ា ម៉ាឡាវី ប៊ូរុនឌី ឆាដ ថៃ អាល្លឺម៉ង់ជាដើម សុទ្ធតែជាប្រទេសដែលមានអត្រាអត់ការងារធ្វើតិចតួច។

    តាមនិយមន័យក្នុងការកំណត់អត្រាអ្នកអត់ការងារធ្វើ ឬភាពមានការងារធ្វើសម្រាប់ប្រទេសកម្ពុជា គឺមិនខុសពីបណ្តាប្រទេសនានានៅលើពិភពលោក រួមបញ្ចូលទាំងប្រទេសជប៉ុន សហរដ្ឋអាម៉េរិក ឡាវ វៀតណាមជាដើម ដោយប្រើប្រាស់នូវរបាយការណ៍តែមួយរបស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានកំណត់ថា អ្នកមានការងារធ្វើ គឺសំដៅលើបុគ្គលទាំងឡាយណាដែលស្ថិតនៅក្នុងវ័យធ្វើការ ដែលក្នុងរយៈពេលកំណត់ណាមួយ (មួយអាទិត្យ ឬ៧ថ្ងៃចុងក្រោយ) បានចូលរួមទៅក្នុងសកម្មភាពនានាក្នុងការផលិត ផលិតផល ឬផ្តល់សេវាកម្ម ដើម្បីទទួលបានប្រាក់ខែ ឬការបង្កើតជាប្រាក់ចំណេញ ដែលក្នុងនោះរួមបញ្ចូលទាំងអ្នកដែលមានវត្តមាននៅកន្លែងធ្វើការ និងអ្នកដែលអវត្តមាននៅកន្លែងធ្វើការដោយសារតែការឈប់សម្រាកដោយសារមានជំងឺ ជាប់រវល់ធ្វើការសិក្សា ឬកត្តាផ្សេងៗ។

    ដោយឡែក អ្នកគ្មានការងារធ្វើសំដៅលើ គឺសំដៅលើបុគ្គលទាំងឡាយណាដែលស្ថិតនៅក្នុងវ័យធ្វើការ ដែល (១) មិនមានការងារ (២) ហើយកំពុងស្វែងរកការងារ (៣)និងអាចទទួលយកឱកាសការងារប្រសិនបើមាន។

    ដោយផ្អែកលើនិយមន័យនេះ យើងសង្កេតឃើញថា ប្រទេសនៅលើពិភពលោកបានទទួលជំនួយបច្ចេកទេសពីអង្គការអន្តរជាតិខាងការងារ ក្នុងបានប្រមូលនិងផលិតនូវទិន្នន័យទាក់ទងនឹងអ្នកមានការងារធ្វើ និងអ្នកគ្មានការងារធ្វើ ដែលយើងអាចទាញយកទិន្នន័យទាំងអស់នេះបានជាសាធារណៈពី https://ilostat.ilo.org/data/# ។ យោងតាមប្រភពទិន្នន័យរបស់ ILO នេះ បានបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩១ ប្រទេសកម្ពុជារក្សាបាននូវអត្រាអ្នកអត់ការងារធ្វើ នៅក្នុងកម្រិតមួយទាបជាង ១% ហើយកម្រិតនៃអត្រាអ្នកអត់ការងារធ្វើនេះគឺទាបជាងគេប្រសិនបើប្រៀបធៀបជាមួយនឹងបណ្តាក្រុមប្រទេស ដែលមានសេដ្ឋកិច្ចប្រហាក់ប្រហែលកម្ពុជា និងទាបជាងបណ្តាប្រទេសនានានៅក្នុងតំបន់ ដូចជាប្រទេសថៃ វៀតណាម និងឡាវ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: