Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ គោរមងារជា«សម្តេច» មិនត្រឹមតែភ្ជាប់នឹងមុខតំណែងកំពូលប៉ុណ្ណោះទេ ថែមទាំងផ្សារភ្ជាប់ទៅនឹងគ្រឹះដ៏រឹងមាំ និងដ៏គង់វង្សយូរអង្វែងនៃរបបរាជានិយមនៅកម្ពុជាទៀតផង

    BY Nisaiy KP September 3, 2023
    លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ គោរមងារជា«សម្តេច» មិនត្រឹមតែភ្ជាប់នឹងមុខតំណែងកំពូលប៉ុណ្ណោះទេ ថែមទាំងផ្សារភ្ជាប់ទៅនឹងគ្រឹះដ៏រឹងមាំ និងដ៏គង់វង្សយូរអង្វែងនៃរបបរាជានិយមនៅកម្ពុជាទៀតផង

    (ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់, រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា គោរមងារជា«សម្តេច»មិនត្រឹមតែភ្ជាប់ទៅនឹងមុខតំណែងកំពូល(ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី) ប៉ុណ្ណោះទេ តែគោរមងារជា«សម្តេច»នេះ ថែមទាំងផ្សារភ្ជាប់ទៅនឹងគ្រឹះដ៏រឹងមាំនិងដ៏គង់វង្សយូរអង្វែងនៃរបបរាជានិយមនៅកម្ពុជាទៀតផង។

    តាមបណ្តាញសង្គម លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានលើកឡើង៤ចំណុចដូចតទៅ៖

    ១៖ យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/២១០៨(រូបទី១) ចុះថ្ងៃទី២កញ្ញាឆ្នាំ២០២៣ របស់ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត, អំណឹះតទៅ នឹងមានប្រពៃណីមួយ នៅក្នុងព្រះរាជា ណាចក្រកម្ពុជាយើង នោះគឺ អ្នកកាន់តំណែងកំពូលរបស់ជាតិចំនួន ៣ នឹងទទួលបានគោរមងារជា«សម្តេច»។ តំណែងទាំង៣នោះ គឺ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា និង នាយករដ្ឋមន្រ្តី។

    ២៖ «សម្តេច» គឺ ជាគោរមងារដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តមមួយនៅក្នុងប្រទេសដែលប្រកាន់យករបបរាជានិយម ហើយវាសមស្របទៅនឹងប្រពៃណីបរមបុរាណនៃប្រទេសកម្ពុជាយើងផង។ នៅស្រុកយើង តាំងពីបុរាណកាលមក គោរមងារមួយចំនួនតែងតែត្រូវផ្សារភ្ជាប់នឹងមុខតំណែងកំពូលសំខាន់ៗ ដូចយ៉ាង គោរមងារ «ឧកញ៉ាចក្រី», «ឧកញ៉ាក្រឡាហោម», «ឧកញ៉ាយមរាជ» ជាដើម។ល។

    ៣៖ ម្ល៉ោះហើយពីអំណឹះតទៅ, ដោយសារតែព្រះរាជក្រឹត្យគោលលើកឡើងខាងលើ, គោរមងារជា«សម្តេច»មិនត្រឹមតែភ្ជាប់ទៅនឹងមុខតំណែងកំពូល(ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី) ប៉ុណ្ណោះទេ តែគោរមងារជា«សម្តេច»នេះ ថែមទាំងផ្សារភ្ជាប់ទៅនឹងគ្រឹះដ៏រឹងមាំនិងដ៏គង់វង្សយូរអង្វែងនៃរបបរាជានិយមនៅកម្ពុជាទៀតផង។

    ៤៖ ខ្ញុំសូមឆ្លៀតអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ សូមឱ្យសម្តេចទទួល ជោគជ័យនៅក្នុងបេសកកម្មបម្រើជាតិ ប្រជាជន និង មាតុភូមិជាទីស្នេហានៃយើង។ សូមឱ្យសម្តេច ហ៊ុន ម៉ាណែត ទទួលជោគជ័យក្នុងការអនុវត្តនូវពាក្យសច្ចារបស់ សម្តេច ថ្វាយអង្គព្រះមហាក្សត្រថា នឹងការពាររាជបល្លង្ក និងរបបរាជានិយមនៅកម្ពជា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews


    Share This Post: