សិល្បៈ September 8, 2023

កំពូលតារារ៉េប លោក វណ្ណដា នឹងចូលរួមជាភ្ញៀវពិសេស ក្នុងកម្មវិធីប្រកួត Rap Viet នៅប្រទេសវៀតណាម

Naren

(ភ្នំពេញ)៖ តារាចម្រៀងរ៉េបកម្ពុជាលោក វណ្ណដា ដែលជាតារាចម្រៀងមួយរូប ដែលមានឥទ្ធិពលឆក់យកបេះដូង គ្រប់ស្រទាប់យុវវ័យ និងមានប្រជាប្រិយភាពខ្លាំងនៅក្នុងបណ្តាប្រទេសនានា។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមហ្វេសប៊ុកផេក Rap Việt – Vie Channel បានប្រកាសថាលោក វណ្ណដា នឹងចូលរួមជាភ្ញៀវពិសេស សម្រាប់កម្មវិធីប្រកួតរ៉េប «Rap Viet»រដូវកាលទី៣ នៅប្រទេសវៀតណាម ដែលកម្មវិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះ។

យោងតាមការបង្ហោះរបស់ផលិតផលបារមី នេះជាលើកដំបូងហើយដែលសិល្បកររ៉េបពីកម្ពុជាត្រូវបានអញ្ជើញធ្វើជាតារាកិត្តិយសក្នុងកម្មវិធីប្រលងនៅក្រៅប្រទេស សូមរង់ចាំទស្សនាថាតើលោក វណ្ណដា មានអ្វីពិសេសយកទៅសម្តែងនៅលើឆាក Rap Viet។

តារារ៉េបកម្ពុជារូបនេះ ក្រៅពីមមាញឹកការងារក្នុងប្រទេស លោកក៏ត្រូវប៉ាន់ជាមួយនឹងការងារក្រៅប្រទេស ដោយមានការអញ្ជើញឱ្យទៅសម្តែងនៅឆាកអន្តរជាតិនានា ចាប់តាំងពីចុងឆ្នាំមុន ដូចជា Rolling Loud Thailand និង Big Mountain Music Festival ​ហើយការសម្តែងនានាដូចជានៅ​សិង្ហបុរី ជប៉ុន ហើយនៅថ្ងៃទី០៨ ខែតុលាខាងមុខនេះ លោកនឹង​ឡើង​ឆាក​សម្តែងលើក​ដំបូង​នៅ Kaohsiung កោះ​តៃវ៉ាន់ ​ក្នុង​កម្មវិធី Takao Rock Festival ផងដែរ៕