Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសធ្វើកំណែទម្រង់ការប្រលងចូលក្របខណ្ឌរដ្ឋ ត្រូវឈរលើគោលការណ៍ «ចេះ គឺជាប់»

    BY Khmerpress September 9, 2023
    សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសធ្វើកំណែទម្រង់ការប្រលងចូលក្របខណ្ឌរដ្ឋ ត្រូវឈរលើគោលការណ៍ «ចេះ គឺជាប់»

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសធ្វើកំណែទម្រង់ការប្រលងចូលក្របខណ្ឌរដ្ឋ ដោយឈរលើគោលការណ៍ «ចេះ គឺជាប់»

    ការប្រកាសនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេច​បន្តចុះជួបកម្មករជិត ២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។ មុននឹងប្រកាសបែបនេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានផ្ញើសារជាសំឡេងមួយរួចទៅហើយ ដោយផ្អាកជាបន្ទាន់នូវប្រឡងជើងរើសមន្រ្តីក្របខណ្ឌថ្មី ក្នុងនោះមានក៏ផ្អាកផងដែរនូវផែនការរើសមន្រ្តីឆ្នាំ២០២៣ ដើម្បីកែសម្រួលនីតិវិធីប្រឡងឡើងវិញ។

    សម្តេចបានមានប្រសាសន៍ដូច្នេះថា៖ «យើងត្រូវពិនិត្យធ្វើយ៉ាងណា ឱ្យត្រឹមត្រូវតម្លាភាព យុត្តិធម៌ ធានាថាអ្នកចេះជាប់ នេះហើយជាគោលការណ៍របស់យើង»

    សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមអភ័យទោសចំពោះបងប្អូនយុវជន ដែលបានដាក់ពាក្យនៅក្រសួងកសិកម្ម ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលមិនបានបញ្ឈប់នោះទេ ប៉ុន្តែរាជរដ្ឋាភិបាលធ្វើយ៉ាងណាពន្លឿននីតិវិធីមួយដែលរៀបចំឱ្យបានល្អជាងមុន។

    សម្តេចបានបញ្ជាក់បន្ថែមថា៖ «ចេញដេប៉ាមកស្មើគ្នាទាំងអស់ អត់មានក្រសួងនេះរៀបអញ្ចេះ ក្រសួងនោះរៀបអញ្ចុះទៀតទេ យន្តការតែមួយគឺសម្រាប់មន្រ្តីក្របខណ្ឌទាំងអស់ គឺត្រូវប្រឡងយន្តការថ្នាក់ជាតិ ឱ្យបានយុត្តិធម៌ និងតម្លាភាព»

    សម្តេចបានបញ្ជាក់បន្ថែមថា៖ សម្រាប់មន្រ្តីជាប់កិច្ចសន្យា នៅតែបន្តធ្វើតាមយន្តការក្រសួងសាមី ប៉ុន្តែត្រូវធានាថា នឹងមានតម្លាភាព និងយុត្តិធម៌ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: