យុវជន២៦នាក់ ត្រូវនគរបាលក្រុងក្រចេះឃាត់ខ្លួនអប់រំ ក្រោយដើរលេងដាច់យប់ មិនចូលផ្ទះ
(ក្រចេះ)៖ កម្លាំងនគរបាលក្រុងក្រចេះ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រចេះ និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រគរ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានឃាត់ខ្លួនយុវជនប្រុសស្រី ចំនួន២៦នាក់ យកមកធ្វើការអប់រំ ណែនាំ ក្រោយក្រុមយុវជននាំគ្នាដើរលេងមិនចូលផ្ទះ។
លោក អេង ហឿន អធិការនគរបាលក្រុងក្រចេះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តក្រចេះ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រុមយុវជនទាំងនោះ តែងតែធ្វើសកម្មភាពដើរលេងរហូតដល់យប់ជ្រៅម៉ោង៣ ម៉ោង៤ទៀបភ្លឺ អត់ចូលផ្ទះហើយពួកគាត់នេះ គឺជាមុខសញ្ញាដដែលៗ ហើយក្មេងទាំងនេះភាគច្រើនមកពីឆ្ងាយមកស្នាក់នៅបន្ទុបជួល ឪពុកម្ដាយមិនដឹង អ្នកខ្លះជាសិស្សសាលា និងមួយចំនួនទៀត អ្នកបម្រើការងារតាមហាងពេលចេញពីធ្វើការនាំសង្សាដើរលេងពេលយប់បែបអនាធិបតេយ្យ។
លោកអធិការបន្តទៀតថា យុវជនប្រុសស្រីទាំង២៦នាក់នេះ សមត្ថកិច្ចគ្រាន់តែហៅមកធ្វើការអប់រំ ដើម្បីឱ្យអនាព្យាបាលរបស់ពួកគាត់បានដឹងហើយ បន្ទាប់ពីធ្វើការអប់រំ ក្មេងៗទាំងនោះ ត្រូវបានប្រគល់ជូនឪពុកម្ដាយ ឬអាណាព្យាបាលមកធានាយកទៅអប់រំបន្តនៅលំនៅដ្ឋានវិញ។
លោកបញ្ជាក់ទៀតថា នាពេលកន្លងមក សមត្ថកិច្ចតែងតែបង្ក្រាបជាហូរហែតែជាករណីតូចៗដោយលើកនេះជាករណីធំហើយលោកនៅតែបន្តដាក់ កងកម្លាំងនៅតាមគោលដៅបង្ក្រាបរហូតឱ្យតែពាក់ព័ន្ធនឹងមុខសញ្ញា គឺកងកម្លាំង និងធ្វើការបង្ក្រាបទាំងអស់ មិនថាជាសញ្ញាអ្វីនោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews





