Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យសមត្ថកិច្ចចុះពិនិត្យ និងបិទហាងកាហ្វេនៅក្បែរវិទ្យាល័យព្រះសីហនុ ក្រោយរកឃើញថាមានការប៉ះពាល់ដល់ការសិក្សារបស់សិស្ស

    BY Khmerpress September 14, 2023
    អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យសមត្ថកិច្ចចុះពិនិត្យ និងបិទហាងកាហ្វេនៅក្បែរវិទ្យាល័យព្រះសីហនុ ក្រោយរកឃើញថាមានការប៉ះពាល់ដល់ការសិក្សារបស់សិស្ស

    (កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចាត់បញ្ជាឲ្យសមត្ថកិច្ច ចុះស៊ើបអង្កេតជាបន្ទាន់ ហាងកាហ្វេ នៅក្បែរវិទ្យាល័យព្រះសីហនុ ក្នុងក្រុងកំពង់ចាម បន្ទាប់ពីទទួលព័ត៌មានថា ការធ្វើអាជីវកម្មនោះ មានភាពមិនប្រក្រតីធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស។

    លោកអភិបាលខេត្ត បានចាត់បញ្ជាសមត្ថកិច្ច នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

    សមាជិកក្រុមប្រឹក្សាខេត្ត, លោកស្រី អនហេង លក្ខិណា បានលើកឡើងថា កន្លងទៅថ្មីៗនេះ មានអាណាព្យាបាលសិស្ស បានរាយការណ៍ថា មានទីតាំងលក់កាហ្វេច្រើនកន្លែងនៅក្នុងប្លុកបុរីពិភពថ្មី ស្ថិតក្បែរវិទ្យាល័យព្រះសីហនុ ដែលរូបភាព នៃការធ្វើអាជីវកម្មនោះ មើលទៅលើសពីការលក់កាហ្វេធម្មតា។

    លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត បន្តទៀតថា នៅពេលខ្លះ គេឃើញមានសិស្សប្រមូលផ្ដុំគ្នាជក់បារី និងមានចាក់គ្រឿងបំពងសម្លេងឮខ្លាំងៗ ធ្វើឲ្យរំខានដល់អ្នកជិតខាង។ ពេលខ្លះគេបានប្រទះឃើញពួកសិស្សប្រព្រឹត្ត ល្បែងស៊ីសងដូចជា ល្បែងបុកប៊ីយែរ និងល្បែងតាមអនឡាញមួយចំនួន មានជល់មាន់ ឬភ្នាល់បាល់ជាដើម។ ហេតុដូច្នេះហើយ ទើបមានសំណូមពរ ពីប្រជាពលរដ្ឋនៅម្ដុំនោះ ក៏ដូចជាអាណាព្យាបាលសិស្ស សូមឱ្យអាជ្ញាធរមានសមត្ថកិច្ចមានវិធានការលើករណីនេះ។

    ដោយមានការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាខេត្ត, លោក អ៊ុន ចាន់ដា ក៏បានចាត់បញ្ជាឲ្យសមត្ថកិច្ចនគរបាល ចុះពិនិត្យមើល និងមានវិធានការយ៉ាងម៉ឺងម៉ាត់។ ប្រសិនបើមានភាពមិនប្រក្រតី ធ្វើឲ្យប៉ះពាល់ដល់អនាគត សិស្សសាលា គឺសូមឱ្យសមត្ថកិច្ចធ្វើការបិទហាងកាហ្វេទាំងនោះតែម្តង៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: