Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សិស្សស្រីមួយក្រុម នៃវិទ្យាល័យបាក់ទូក ដែលព្រួតវាយសិស្សស្រីម្នាក់ ត្រូវសមត្ថកិច្ចកោះហៅដោះស្រាយ និងធ្វើកិច្ចសន្យាសម្របសម្រួលបញ្ចប់រឿង

    BY Khmerpress September 14, 2023
    សិស្សស្រីមួយក្រុម នៃវិទ្យាល័យបាក់ទូក ដែលព្រួតវាយសិស្សស្រីម្នាក់ ត្រូវសមត្ថកិច្ចកោះហៅដោះស្រាយ និងធ្វើកិច្ចសន្យាសម្របសម្រួលបញ្ចប់រឿង

    (ភ្នំពេញ)៖ បន្ទាប់ពីឃើញការចែកចាយនូវវីដេអូ និងរូបភាព សិស្សស្រីមួយក្រុម នៃវិទ្យាល័យបាក់ទូក ដែលបានព្រួតគ្នាវាយសិស្សស្រីម្នាក់នៅតាមបណ្ដាញសង្គម Facebook ហើយនោះ, លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាឲ្យបើកការស្រាវជ្រាវភ្លាមៗ លើករណីនេះ។

    ក្រោយទទួលបានបទបញ្ជាអធិការនគរបាលខណ្ឌ៧មករា បានស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនសិស្សស្រីបង្ក ចំនួន០៥នាក់ ដែលសង្ស័យពាក់ព័ន្ធករណីនេះ មកធ្វើការសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់វាលវង់។ បន្ទាប់ពីធ្វើការសាកសួរគឺរវាងសិស្សទាំង០២ក្រុម ជាមិត្តភក្តិរៀនថ្នាក់ជាមួយគ្នា ពួកគេមានទំនាស់ដោយសារពាក្យសំដីឌឺដងដាក់គ្នា ហើយឃ្លីបវីដេអូបង្ហោះនោះ បានកើតឡើងកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។

    ជាមួយគ្នានោះ សមត្ថកិច្ចក៏បានកោះហៅអាណាព្យាបាលទាំងសងខាង ដើម្បីសម្របសម្រួល ហើយក៏មានវត្តមានអាជ្ញាធរខណ្ឌ សង្កាត់ នាយកសាលា និងរូបលោកផងដែរ ជាអ្នកជួយសម្របសម្រួលផងនោះទៀត។

    ជាលទ្ធផល គឺដោយមានការសំណូមពរពីអាណាព្យាបាលសិស្សស្រីបង្កធានាអប់រំកូនឲ្យបានល្អ និងយោងទៅលើពួកគេកំពុងនៅវ័យសិក្សាអនាគតវែងឆ្ងាយ ភាគីអាណាព្យាបាលសិស្សស្រី និងសាម៉ីខ្លួនរងគ្រោះក៏បានយោគយល់សម្របសម្រួលដោះស្រាយដោយសន្តិវិធី ហើយក៏មានការអនុញ្ញាតពីអភិបាលរាជធានីភ្នំពេញ និងស្នងការនគរបាលរាជធានីភ្នំពេញ។ សិស្សបង្កក៏ត្រូវសមត្ថកិច្ចអប់រំ និងឲ្យធ្វើកិច្ចសន្យា ហើយឲ្យកែខ្លួនជាសិស្សល្អត្រឡប់ទៅផ្ទះដើម្បីចូលរៀនជាធម្មតា។

    គួរជម្រាបថា យោងតាមរូបភាពបង្ហោះនៅលើបណ្ដាញសង្គម ហើយផ្ទុះការចែកចាយខ្លាំង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហាញឲ្យឃើញថា សិស្សស្រីមួយក្រុមគ្នា៥-៦នាក់ បាននាំគ្នាព្រួតវាយសិស្សស្រីម្នាក់ ដែលពួកគេសុទ្ធតែជាសិស្សរៀនថ្នាក់ទី៧ វេនព្រឹក នៃវិទ្យាល័យបាក់ទូកជាមួយគ្នា។ ក្នុងរូបភាព និងវីដេអូនោះ បានបង្ហាញទៀតថា សិស្សស្រីមួយក្រុមនោះ ហាក់សប្បាយអឺងកងខ្លាំងណាស់ ក្រោយប្រព្រឹត្តអំពើងហិង្សាលើជនរងគ្រោះ។

    តាមការបញ្ជាក់បន្ថែមរបស់ក្រុមគ្រួសារ សិស្សស្រីរងគ្រោះ ហេតុការណ៍ហិង្សានេះបានកើតឡើង តាំងពីអំឡុងខែសីហា ឆ្នាំ២០២៣មកម្ល៉េះ ពោលរយៈពេលមួយខែទៅហើយ ប៉ុន្ដែនារីរងគ្រោះនាងមិនហ៊ានប្រាប់រឿងរ៉ាវនេះ ទៅកាន់គ្រូ ឬក្រុមគ្រួសារនោះទេ។ ប៉ុន្ដែក្រោយកើតហេតុមក នាងហាក់ភ័យខ្លាចនៅពេលទៅរៀនម្ដងៗ ហើយក្រុមគ្រួសារចាប់ផ្ដើមតាមដានកាយវិការបស់នារីរងគ្រោះ ចុងក្រោយទើបដឹងរឿងរ៉ាវនៃការប្រើប្រាស់អំពើហិង្សានេះ។

    យ៉ាងណាមិញ រឿងរ៉ាវហិង្សាដែលបង្កដោយសិស្សសាលា ហើយជាស្រីទៀតនោះ បង្កឲ្យមានការព្រួយបារម្ភជាខ្លាំងពីសំណាក់អាណាព្យាបាលសិស្ស ដែលទាមទារឲ្យអាជ្ញាធរមានសមត្ថកិច្ច ពិសេសគណៈគ្រប់គ្រងសាលារៀនទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងសិស្សានុសិស្សនៅតាមសាលារៀន។ ដោយឡែក ឪពុកម្ដាយ អាណាព្យាបាល ក៏មានកាតព្វកិច្ចដូចគ្នា ក្នុងពង្រឹងយកចិត្តទុកដាក់គ្រប់គ្រងកូនៗរបស់ខ្លួន ពិសេសបង្កើនការអប់រំទូន្មានកូនៗ ជៀសវាងការប្រព្រឹត្តអំពើខុសឆ្គងផ្សេងៗនៅក្នុងសង្គម៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: