Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឲ្យវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅព្រឹកថ្ងៃទី២០ ខែកញ្ញា អបអរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    BY Khmerpress September 18, 2023
    រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឲ្យវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅព្រឹកថ្ងៃទី២០ ខែកញ្ញា អបអរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំឲ្យវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអបអរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

    សេចក្តីណែនាំនេះ ធ្វើឡើងតបតាមអនុវត្តតាមអនុសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់ មួយរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល នាឱកាស «រមណីយដ្ឋានប្រាសាទកោះករ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ សម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

    រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដូចខាងក្រោម៖

    ១៖ គ្រប់ស្ថាប័នរដ្ឋ ឯកជន រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ រោងចក្រ សហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារសាសនា និងប្រជាពលរដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែល ខ្លួនមាន នាវេលាម៉ោង ០៧៖០០ព្រឹក នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈ សំខាន់ៗរួមមាន ទីស្ដីការក្រសួង-ស្ថាប័ន សាលារាជធានីភ្នំពេញ សាលាខណ្ឌ-សង្កាត់ សាលារៀន មន្ទីរពេទ្យ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍នៅតាមភូមិឱ្យបានច្រើនកុះករ ខ្ញៀវខ្ញារ ប្រកបដោយសេចក្តីសប្បាយរីករាយ និងការសាទរចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

    ២៖ គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ ត្រូវណែនាំប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន ឱ្យចងទង់ជាតិនៅគ្រប់ទីតាំង និងគប់លំនៅឋាន។

    ៣៖ មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវចាត់តាំងបណ្តាញវិទ្យុ និងស្ថានីយទូរទស្សន៍ចុះធ្វើសកម្មភាពយកព័ត៌មាន ថតរូប និងថតវីឌីអូនូវរាល់សកម្មភាព និងទិដ្ឋភាពជាក់ស្ដែងនៃព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ហើយត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: