ក្រសួងសុខាភិបាលចេញសេចក្ដីសម្រេចប្រកាសបិទ និងដកហូតសេចក្តីសម្រេចស្តីពីការបន្តសុពលភាពគ្រឹះស្ថានអាហរ័ណ នីហរ័ណ ឱសថគ្រួសារកក់ក្ដៅ ឯ.ក
(ភ្នំពេញ)៖ នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៣ ក្រសួងសុខាភិបាល បានចេញនូវសេចក្ដីសម្រេចស្តីពីការបិទនិងដកហូតសេចក្តីសម្រេចស្តីពីការបន្តសុពលភាពគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក (KROUSAR KORKDAO CO.,LTD.)។
ក្រសួងសុខាភិបាល បានសម្រេចបិទ និងដកហូតសេចក្ដីសម្រេចស្ដីពីការបន្ដសុពលភាពគ្រឹះស្ថានអាហ័រណ នីហ័រណឱសថ គ្រួសារកក់ក្ដៅ ឯ.ក ដែលមានទីតាំង និងឃ្លាំងស្ដុកឱសថទី១ ផ្ទះលេខ១៥១ ផ្លូវមុនីរ៉េត(២១៧) ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងឃ្លាំងស្ដុកឱសថទី២ ផ្ទះលេខ៨២ ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមូលហេតុគ្រឹះស្ថាននេះពុំបានគោរពតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន៖
– បានលក់ តាំងលក់ និងចែកចាយនូវផលិតផលបំប៉នសុខភាព GINSENG PRO ដែលមានផ្ទុកសារជាតិសកម្មមិនត្រឹមត្រូវតាមរូបមន្ដដែលកំណត់លើផលិតផលដែលបានចុះបញ្ជិកានៅក្រសួងសុខាភិបាល ហើយអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់
– បានផ្លាស់ប្ដូរទីតាំងគ្រឹះស្ថានអាហ័រណ នីហ័រណ ដោយពុំមានការអនុញ្ញាតពីក្រសួងសុខាភិបាល
– បានលក់ផលិតផលបំប៉នសុខភាព GINSENG PRO ដល់អតិថិជនប្រើប្រាស់នៅក្រៅឱសថស្ថានស្របច្បាប់
– ពុំបានគោរពនិងអនុវត្តតាមខ្លឹមសារនៃកិច្ចសន្យារបស់គ្រឹះស្ថាន ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ និងកិច្ចសន្យា ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣
– ពុំបានគោរពនិងអនុវត្តតាមខ្លឹមសារនៃលិខិតលេខ០២៨៧អបស/ឱអបស ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល បានស្ដីពីការលុបលេខបញ្ជិកាផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30Caps.និង GINSENG PRO B/Bott./60Caps. មានផ្ទុកសារធាតុ DEXAMETHASONE និងPREDNISOLONE។
ត្រូវទុកជានិរាករណ៍នូវសេចក្ដីសម្រេច៨៩៧៦ អបស/ឱអបស ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល ស្ដីពីការបន្ដសុពលភាពគ្រឹះស្ថានអាហ័រណ នីហ័រណឱសថ គ្រួសារកក់ក្ដៅ ឯ.ក៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត



