អគ្គនាយកដ្ឋានពន្ធដារ ជូនដំណឹង នៃការពន្យារពេលបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ៣១ ខែតុលាខាងមុខ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ស្តីពី ការពន្យារពេលបង់ពន្ធលើអចលនទ្រព្យនិងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ខាងមុខ។
អគ្គនាយកដ្ឋានពន្ធដារបានពិនិត្យឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបាន ប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ ហើយក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត នៅមិនទាន់បានបំពេញកាតព្វកិច្ច ប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។ អនុវត្តតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមាន កាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ផុតរយៈពេលនេះ ម្ចាស់អចលនទ្រព្យនឹងត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល ស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ ដើម្បីផ្ដល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះ ប៉ុន្តែមិនទាន់បានមកប្រកាសបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារកាលបរិច្ឆេទផុតកំណត់ប្រកាសបង់ពន្ធលើ អចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដោយរួចផុតពីទណ្ឌកម្មរដ្ឋបាលដោយសារការប្រកាសបង់ពន្ធយឺតយ៉ាវ ៕ ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation
