Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ខាន់ ចេសា មានទំនុកចិត្តយ៉ាងមុតមាំ ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោក ជាមួយជើងខ្លាំងអាមេរិក Danielly Kelly នាព្រឹកស្អែក

    BY Khmerpress September 29, 2023
    ខាន់ ចេសា មានទំនុកចិត្តយ៉ាងមុតមាំ ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោក ជាមួយជើងខ្លាំងអាមេរិក Danielly Kelly នាព្រឹកស្អែក

    (ភ្នំពេញ)៖ កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា នឹងត្រូវជួបជើងខ្លាំងអាមេរិក Danielle Kelly នាព្រឹកថ្ងៃទី៣០ ខែកញ្ញាស្អែកនេះ ដើម្បីប្រជែងខ្សែក្រវាត់ពិភពលោក ONE Atomweight នៅលើសង្វៀន ONE Championship ក្នុងកម្មវិធី ONE Fight Night 14 នៅប្រទេសសិង្ហបុរី ។

    នេះគឺជាជំនួបដ៏ធំ ដែលអ្នកស្នេហាវិស័យកីឡាជឺជីតស៊ូលើពិភពលោក កំពុងចាប់អារម្មណ៍ និងរង់ចាំអ៊ុតលទ្ធផល នៃការបង្ហាញខ្លួនលើកដំបូងលើសង្វៀន ONE របស់កីឡាការិនីអាជីពកម្រិតពិភពលោកទាំងពីរ ពិសេសកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា ដែលទើបមានវ័យ ២១ឆ្នាំ ។

    ថ្លែងប្រាប់សារព័ត៌មានអន្ដរជាតិមុនការប្រកួត ខាន់ ចេសា បានបង្ហាញពីកាត្រៀមខ្លួនរួចរាល់ សម្រាប់ជំនួបដ៏សំខាន់នេះ ។ ម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេម ២សម័យរូបនេះ សង្កត់ធ្ងន់ថា ខ្លួនធ្លាប់ឈ្នះម្ដងហើយ ដូច្នេះនាងនឹងផ្ដួល Danielle Kelly ម្ដងទៀត ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោក នៃកម្មវិធី ONE Fight Night 14 នេះ ។

    ទោះមានបំណងគ្រងខ្សែក្រវាត់ពិភពលោកលើសង្វៀនដ៏ធំខាងលើក្ដី តែ ចេសា ក៏មិនអាចមើលស្រាល ឬធ្វេសប្រហែស ចំពោះដៃគូដែរ ដ្បិតនាងបានទទួលស្គាល់ Danielle Kelly គឺជាជើងខ្លាំងមួយរូប ដែលមានស្នៀតពិសេសៗច្រើន ។ តែយ៉ាងណា ចេសា នៅតែជឿជាក់លើបទពិសោធន៍ប្រកួត គួបផ្សំនឹងការខំប្រឹងហ្វឹកហាត់នាពេលកន្លងមក ដើម្បីយកឈ្នះការប្រកួតនេះ ។

    ចំណែកកីឡាការិនី Danielle Kelly បានលើកឡើងថា គេបានត្រៀមខ្លួនប្រមាណ ៣ខែមកហើយ ដើម្បីតតាំងជាមួយតារាឆ្នើមខ្មែរ-អាមេរិករូបនេះ ។ Kelly ទទួលស្គាល់ពីទេពកោសល្យដ៏ប៉ិនប្រសព្វរបស់ ចេសា ដែលជាកីឡាការិនីវ័យក្មេង និងមានជំនាញបច្ចេកទេសបំផុតក្នុងកីឡាជឺជីតស៊ូនាពេលបច្ចុប្បន្ន ដែលអាចបង្កហានិភ័យដល់គូប្រកួតគ្រប់ពេល ។ ដូច្នេះនាងថា ការប្រកួតថ្ងៃសៅរ៍នេះ នឹងក្លាយជាការប្រកួតដ៏កក្រើកមួយ នៅប្រទេសសិង្ហបុរី ។

    សូមរំឮកថា កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា ធ្លាប់បានផ្ដួលកីឡាការិនីជើងខ្លាំងអាមេរិក Danielle Kelly ក្នុងព្រឹត្តិការណ៍ “Who’s Number One” ឬ “នណារលេខ១” ដែលរៀបចំដោយស្ថាប័នកីឡា FloGrappling ម្ដងមកហើយ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២១ មុនជំនួបសងសឹកនាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: