Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ទ្វារទឹកសំណង់ពោធិ៍ពីរដើម នៅស្រុកមង្គលបូរី ជាប់គាំងមន្ដ្រីមិនអាចបើកបាន ខណៈទឹកហក់ឡើងខ្លាំងប៉ះពាល់កសិផលរបស់ពលរដ្ឋ

    BY Khmerpress September 30, 2023
    ទ្វារទឹកសំណង់ពោធិ៍ពីរដើម នៅស្រុកមង្គលបូរី ជាប់គាំងមន្ដ្រីមិនអាចបើកបាន ខណៈទឹកហក់ឡើងខ្លាំងប៉ះពាល់កសិផលរបស់ពលរដ្ឋ

    (បន្ទាយមានជ័យ)៖ ទ្វារទឹកសំណង់ពោធិ៍២ដើម នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កំពុងជាប់គាំងដោយសារទឹកបុកខ្លាំងមិនអាចបើកបាន នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ គ្រាដែលទឹកកំពុងជន់ឡើងខ្លាំងគំរាមកំហែង ដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលកំពុងប្រមូលផល នៅឃុំរហាត់ទឹក។

    សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា ជំនន់ទឹកភ្លៀងបានហក់ឡើងខ្លាំង បណ្តាលប្រឈមលិចស្រូវដែលកំពុងប្រមូលផល ធ្វើឲ្យពួកគាត់មានការព្រួយបារម្មជាខ្លាំង ហើយបាននាំគ្នាសុំបើកទ្វារទឹកសំណង់ពោធិ៍ពីរដើម ដើម្បីរំដោះទឹក។ ជាការយល់ព្រមពីមន្ត្រីជំនាញ ប្រជាពលរដ្ឋបានយកកៅឡាក់រឺតទាញទ្វារទឹកឡើង បណ្តាលដាច់កៅឡាក់ធ្លាក់ សំណាងគ្មានរងគ្រោះ។

    ពលរដ្ឋបន្ដថា បើកទ្វារសំណង់ពោធិ៍ពីរដើមមិនបាន ហើយសុំអោយមន្ត្រីជំនាញ និងអភិបាលស្រុក ខេត្ត ដើម្បីជួយដល់ប្រជាពលរដ្ឋឃុំរហាត់ទឹក ដែលកំពុងប្រឈមទឹកលិចស្រូវដែលត្រូវប្រមូលផល។

    លោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅពេលទឹកជំនន់ផ្នែកខាងលើបានហក់ឡើងខ្លាំង ប្រជាពលរដ្ឋនៅឃុំរហាត់ទឹកសុំបើកទ្វារទឹកសំណង់ពោធិ៍ពីរដើម ដើម្បីរំដោះទឹក។ នៅពេលនេះ អាជ្ញាធរឃុំរហាត់ទឹក ទំនាក់ទំនងជាមួយក្រុមការងាររកដំណោះស្រាយបើកជូនប្រជាពលរដ្ឋ។

    អ្នកគ្រប់គ្រងបច្ចេកទេសធ្វើទ្វារទឹក អះអាងថា ក្រោយសំណង់ពោធិ៍ពីរដើមបានកសាងរួចរាល់ ក្រុមការងារបច្ចេកទេសកសាងទ្វារទឹក បានកំពុងដាក់ប្រព័ន្ធបិតបើកទ្វារទឹកសំណង់ពោធិ៍ពីរដើម នឹងរួចរាល់នៅអំឡុងខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ដែលប្រព័ន្ធទ្វារទឹកសំណង់ពោធិ៍ពីរដើមបិតបើកដោយប្រើប្រព័ន្ធចុចបញ្ជាស្វ័យប្រវត្តិ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: