អបអរសាទរ! កីឡាករម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយមាស ២ និងប្រាក់ ២ បន្ថែមទៀត ពីព្រឹត្តិការណ៍ Jet Ski World Series 2023 ជុំទី៣ នៅអាមេរិក
(ភ្នំពេញ)៖ ក្រុមកីឡាម៉ូតូទឹកកម្ពុជា បានឈ្នះមេដាយ ៤គ្រឿងបន្ថែមទៀតហើយ រួមមានមេដាយមាស ២ និងប្រាក់ ២ នៅក្នុងការប្រកួតម៉ូតូទឹកកម្រិតភពលោក (Water Jet Ski World Series) ឆ្នាំ២០២៣ ជុំទី៣ នៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី០៥ ខែតុលា (ពេលវេលានៅកម្ពុជា) ត្រូវនឹងល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅអាមេរិក។
យោងតាមបណ្ដាញសង្គមផ្លូវការរបស់កីឡាករ សាលី អ៊ូមើត ដែលជាប្រធានក្រុមដឹកនាំកីឡាករវ័យក្មេងកម្ពុជា ចូលរួមព្រឹត្តិការណ៍លំដាប់ពិភពលោកខាងលើ មេដាយ ៤គ្រឿង ដែលកីឡាករកម្ពុជា ទើបដណ្ដើមបានថ្ងៃនេះរួមមាន៖
១, កីឡាករ សាលី ហ្វីលីន ឈ្នះមេដាយមាស ១ និងមេដាយប្រាក់ ១ ទៀត បន្ថែមលើការឈ្នះមេដាយមាស ១ និងប្រាក់ ១ កាលពីម្សិលមិញ
២, កីឡាករ កៃ វ៉ាន់ស៊ីដែន ឈ្នះមេដាយមាស ១គ្រឿង
៣, កីឡាករ ម៉ីន អូស្មាន់ ឈ្នះមេដាយប្រាក់ ១គ្រឿង។
សរុបមកទល់ពេលនេះ ក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយ ៦គ្រឿងហើយ រួមមានមេដាយមាស ៣ និងប្រាក់ ៣ ខណៈនៅសល់កីឡាករ ៣រូប ដែលត្រូវធ្វើការប្រកួតលើ ៦វិញ្ញាសាទៀត រួមមានកីឡាករ សាលី អ៊ូមើត, សាលី ហ្វីលីន និងកីឡាករ ម៉ីន មូស្ដាន់។ ចំពោះការប្រកួតគ្រោងនឹងបញ្ចប់នាថ្ងៃទី០៨ ខែតុលាខាងមុខ។
គួរដឹងថា បេសកកម្មលើទឹកដីអាមេរិកលើកនេះ ក្នុងនាមប្រធានក្រុម សាលី អ៊ូមើត បានដឹកនាំកីឡាករវ័យក្មេងកម្ពុជា ៨រូបចូលរួម ក្នុងនោះមាន ៥នាក់ ត្រូវចូលរួមប្រកួតដោយផ្ទាល់ និងកីឡាករថ្នាល ៤រូប គឺចូលរួមរៀនសូត្រ និងដកស្រង់បទពិសោធន៍។ សម្រាប់កីឡាករត្រូវធ្វើការប្រកួតបន្ទាប់ពី សាលី ហ្វីលីន គឺមាន កៃ វ៉ាន់ស៊ីដែន, មីន មូស្ដាន់, មីន អូស្មាន់ និងសិស្សច្បង សាលី អ៊ូមើត ដែលជាម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេមផ្ទាល់តែម្ដង៕ ផ្តល់សិទ្ធិដោយ៖ freshnews


